ក្រុមហ៊ុន CHINALCO បានបង្ហាញ​ចំណាប់អារម្មណ៍ ក្នុង​ការស្វែងរក​កាលានុវត្តភាព​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Wang Shilei ប្រធាន​ក្រុមហ៊ុន CHINALCO (Aluminum Corporation of China) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភពលោក​ស្តីពី​បញ្ញា​សិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​១៥-១៧ ខែកក្កដា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​អំពី​ដំណើរការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​ជា​សហគ្រាស​ឈានមុខ​មួយ​នៅក្នុង​ប្រទេស​ចិន ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​លើ​ឧស្សាហកម្ម​ធនធាន​រ៉ែ​, ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ការសាងសង់​ផ្លូវដែក ជា​ដេ​ី​ម​។ ជាមួយគ្នា​នោះ​ដែរ​, លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​វឌ្ឍនភាព​នៃ​គម្រោង​មួយចំនួន​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​ក្នុងនោះ​ក្រុមហ៊ុន​បាន​សិក្សា​សមិទ្ធិ​លទ្ធភាព​លើ​វិស័យ​ផលិត​ដែក និង​វិស័យ​ធនធាន​រ៉ែ​។ ផ្អែកលើ​មូលដ្ឋាន​នេះ​, ក្រុមហ៊ុន CHINALCO បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​កាលានុវត្តភាព​វិនិយោគ​បន្ថែម​លើ​វិស័យ​ទាំងនេះ នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ភាព​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​។ សម្ដេច​ធិបតី​បាន​ស្វាគមន៍​ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន ក្នុង​ការស្វែងរក​កាលានុវត្តភាព​វិនិយោគ​លើ​វិស័យ​សក្ដានុពល​នានា​នៅ​កម្ពុជា ដូចជា​៖ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, ការសាងសង់​ផ្លូវ​ដែក និង​ធនធាន​រ៉ែ ។ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ជា​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ស្វាគមន៍ និង​ត្រៀម​ខ្លួន​ផ្ដល់​ការគាំទ្រ​ជានិច្ច​ដល់​គ្រប់​ក្រុមហ៊ុន​វិនិយោគ ដើម្បី​ធានាបាន​នូវ​ភាពជោគជ័យ​នៅ​កម្ពុជា​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ពិភាក្សា​ការងារ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាប់​យក​ឱកាស​វិនិយោគ​ជាក់ស្ដែង​ឱ្យ​លេចចេញ​ជា​ផ្លែផ្កា​នៅពេល​អនាគត​៕

Leave a Reply

Your email address will not be published. Required fields are marked *