​ក្រុមហ៊ុន CRCC បាន​បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Dai Hegen ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភពលោក​ស្តីពី​បញ្ញា​សិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​១៥-១៧ ខែកក្កដា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែលជា​ក្រុមហ៊ុន​វិស្វកម្ម និង​សាងសង់​ឈាន​មុខ​គេ​មួយ​ក្នុង​ពិភពលោក ដោយ​ផ្ដោត​សំខាន់​លើ​កិច្ចការ​ម៉ៅការ​សាងសង់​, ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​, ការផលិត​បរិក្ខា​រប​ច្ចេក​វិទ្យា​ជាន់ខ្ពស់ និង​ជា​អ្នក​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ថ្មីៗ​ជា​យុទ្ធសាស្ត្រ ដែលមាន​ប្រតិបត្តិការ​អាជីវកម្ម​គ្រ​ប​ដណ្តប់​លើ ១៥០​ប្រទេស​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​គូសបញ្ជាក់ថា ក្រុមហ៊ុន CRCC បាន​បោះទុន​វិនិយោគ​នៅក្នុង​ទីផ្សារ​កម្ពុជា​តាំងពី​ឆ្នាំ​២០០៨ មកម្ល៉េះ ហើយ​បាន​សម្រេច​នូវ​គម្រោង​សំខាន់ៗ​ជាច្រើន រួមមាន​៖ គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត​បាត់ដំបង​, ភូមិ​កីឡា​កម្ពុជា​, អគារ​ទីស្តីការ​ក្រសួង​ការពារជាតិ​, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ត្បូងឃ្មុំ ជាដើម​។ ជាមួយគ្នានេះ​, ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល ដែល​តែងតែ​ផ្តល់​កិច្ច​សហការ និង​ការគាំទ្រ​យ៉ាង​ល្អប្រសើរ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​។ លើសពីនេះទៅទៀត​, លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​នូវ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា លើ​វិស័យ​គន្លឹះ ដូចជា​៖ ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​, ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​, ថាមពល​កកើត​ឡើងវិញ ក៏ដូចជា​សមាហរណកម្ម​វិនិយោគ ការសាងសង់ និង​ប្រតិបត្តិការ (Integrated Investment, Construction, and Operation) ផងដែរ​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី​បាន​សម្តែង​ការអបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្តេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​គម្រោង​ធំៗ​នៅ​កម្ពុជា ព្រមទាំង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន ក្នុង​ការស្វែងរក​កាលានុវត្តភាព​ពង្រីក​ការវិនិយោគ​។ បន្ថែម​លើ​នេះ​, សម្តេច​ធិបតី​បាន​គូសបញ្ជាក់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន គឺជា​វិស័យ​អាទិភាព​ចម្បង ដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​បំផុត​។ ជាក់ស្តែង​, ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​បាន​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​យ៉ាងច្រើន ទាំង​ផ្លូវគោក និង​ផ្លូវទឹក ខណៈ​ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏​កំពុង​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការអភិវឌ្ឍ និង​ពង្រឹង​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក​ផងដែរ​។​

​ជាទី​បញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​រក្សា​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ក្តា​ប់យក​ឱកាស និង​ប្រែក្លាយ​គម្រោង​ពង្រីក​ការវិនិយោគ​ទាំងនោះ​ឱ្យ​លេចចេញ​ជា​រូបរាង​ជាក់ស្តែង​នាពេល​អនាគត​៕

Leave a Reply

Your email address will not be published. Required fields are marked *