ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​លើ​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​សេវា​ទំនាក់ទំនង តាម​ប្រព័ន្ធ​ផ្កាយរណប​នៅ​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​បណ្ឌិត Jason Jie Zheng ប្រធាន និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Shanghai Spacesail Technologies Co., Ltd. ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​បញ្ញា​សិប្បនិម្មិត​ពិភពលោក ឆ្នាំ​២០២៦ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពី​ថ្ងៃ​ទី​១៥-១៧ ខែកក្កដា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​គោរព​ជម្រាប​ជូន​សម្តេច​ធិបតី​អំពី​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដោយ​បញ្ជាក់​ថា ក្រុមហ៊ុន​ផ្តល់​សេវា​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ផ្កាយរណប (Satellite Communications) ដែល​ផ្ដោត​លើ​ការអភិវឌ្ឍ និង​ប្រតិបត្តិការ​គម្រោង​បណ្តាញ​ផ្កាយរណប​គន្លង​តារាវិថី​ទាប Qianfan (“Thousand Sails” Low Earth Orbit – LEO Broadband Constellation)​។ គម្រោង Qianfan នេះ គឺជា​គំនិត​ផ្តួចផ្តើម​ផ្នែក​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅ​ទី​អវកាស​របស់​ប្រទេស​ចិន ដែល​មាន​គោលដៅ​ផ្តល់​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង​ល្បឿន​លឿន​គ្របដណ្តប់​ទូទាំង​សកលលោក​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្ថែមថា ដោយ​មើលឃើញ​ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ក្រុមហ៊ុន​ពិតជា​មាន​ចំណាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ​លើ​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ផ្កាយរណប​នៅ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គោលបំណង​របស់​ក្រុមហ៊ុន ក្នុង​ការស្វែងរក​ឱកាស​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ការផ្តល់​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង ប្រកបដោយ​គុណភាព​ខ្ពស់ ជា​អាទិភាព​ចម្បង​របស់​កម្ពុជា ខណៈ​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កំពុង​ផ្តោត​លើ​ការពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​ដែល​មាន​ស្រាប់ និង​ជំរុញ​ការទាក់ទាញ​វិនិយោគ​បន្ថែម​លើ​វិស័យ​នេះ​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​ក៏​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​រៀបចំ​កសាង​ក្របខ័ណ្ឌ​គតិយុត្ត ដើម្បី​គ្រប់គ្រង​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង តាម​ប្រព័ន្ធ​ផ្កាយរណប​។ នៅពេល​ដែល​ក្របខ័ណ្ឌ​គតិយុត្ត​នេះ​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​, អាទិភាព​របស់​រាជរដ្ឋាភិបាល គឺ​ការ​ដាក់​ពង្រាយ​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង​ទៅ​កាន់​តំបន់​ជនបទ​ដាច់ស្រយាល ព្រមទាំង​ទប់ស្កាត់​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត និង​ទំនាក់ទំនង ក្នុង​ផ្លូវខុស (Misuse)​។​

​ជាទី​បញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​កិច្ចពិភាក្សា​លម្អិត​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការចាប់យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *