សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក Brian D. McFeeters ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​អាមេរិក ចូលជួប​សម្ដែង​ការគួរសម​

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែ​ទុតិយាសាឍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ លោក Brian D. McFeeters ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន និង​គណៈប្រតិភូ​តំណាង​ក្រុមហ៊ុន​អាមេរិក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​លោក Brian D. McFeeters ដែល​បាន​ដឹកនាំ​នូវ​អ្នកវិនិយោគ​របស់​អាមេរិក​មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច​តេជោ​បានលើកឡើ​ង​ថា ជា​ញឹកញាប់​តាំង​ពី​សម្ដេច​នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី សម្ដេច​តែងតែ​ជួប​ជាមួយ​នឹង​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក​-​អាស៊ាន ដែល​បាន​ជជែក​ទៅលើ​បញ្ហា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​របស់​អាមេរិក​នៅក្នុង​ប្រទេស​កម្ពុជា​។ សម្ដេច ក៏បាន​លើកឡើង​នៅ​ចំពោះមុខ​អ្នកវិនិយោគ​របស់​អាមេរិក​ថា នៅពេលនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក​កំពុងតែ​មាន​ការកើនឡើង​ហើយ​សម្ដេច​សង្ឃឹមថា អ្នកវិនិយោគ​របស់​អា​មេរិក នឹង​មក​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះ លោក Brian D. McFeeters បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឲ្យ​រូបលោក​និង​ធុរជន​ទាំងឡាយ​បាន​ជួប​សម្ដែង​ការគួរសម​នាឱកាស​នេះ​។ លោក Brian D. McFeeters បាន​លើកឡើង​ថា ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក​-​អាស៊ាន គឺ​មាន​សមាជិក​រហូត​ដល់​ទៅ​ជាង ១៨០​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ជាច្រើន​កំពុង​ចាប់អារម្មណ៍​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​តំបន់​អាស៊ាន ជាពិសេស​នៅក្នុង​ប្រទេស​កម្ពុជា​តែម្ដង​។ លោក​ក៏​បាន​លើកឡើង​ថា នៅពេលនេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក កំពុងតែ​ដំណើរការ​ល្អ ហើយ​ក្នុង​នាម​វិស័យ​ឯកជន​តំណាងឱ្យ​ក្រុមប្រឹក្សា​ធុរកិច្ច អាមេរិក​-​អាស៊ាន គឺ​ចង់​ចូលរួម​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​នៅក្នុង​ការពង្រីក​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។ លោក​បាន​លើកឡើង​ថា ធុរជន​អាមេរិក​ក៏ដូចជា​ដៃគូ​របស់​អាមេរិក​ដែល​បាន​មក​ជួប​សម្ដេច​នាពេលនេះ គឺ​ដើម្បី​ស្វែងរក​ឱកាស​ក្នុង​ការវិនិយោគ និង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុមហ៊ុន​ធំៗ​ដែល​ជួប​សម្ដេច​តេជោ​នៅក្នុងនេះ មាន​ដូចជា​ក្រុមហ៊ុន Ford ក្រុមហ៊ុន SC Johnson និង​ក្រុមហ៊ុន កូកា​-​កូ​ឡា ជាដើម និង​ដៃគូ​ក្រុមហ៊ុន​មួយចំនួន​ទៀត​។

​ក្នុងឱកាស​នោះ សម្តេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​លោក Brian D. McFeeters នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក ដែល​កំពុងតែ​មាន​ភាព​ល្អ​ប្រសើរ​ជាមួយ​គ្នា​។ សម្ដេច​តេជោ​គាំទ្រ​ចំពោះ​អ្នកវិនិយោគ​អាមេរិកម​ក​កាន់​ប្រទេស​កម្ពុជា ដោយ​សម្ដេច​បញ្ជាក់ថា ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក​គឺ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ការវិនិយោគ​នេះឯង​។ សម្ដេច​សង្ឃឹមថា វិនិយោគិន​អាមេរិក នឹង​មក​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន ហើយ​សម្ដេច​កត់សម្គាល់​ថា អ្នកវិនិយោគ​របស់​អា​មេរិក​ភាគច្រើន​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផ្ដោតទៅលើ ផ្នែក​ដឹកជញ្ជូន ផ្នែក​វេជ្ជសាស្ត្រ វិស័យ​អប់រំ និង​លើ​វិស័យ​បច្ចេកវិទ្យា ដែល​ទាំងអស់​នេះ​ជា​ចំណុច​ដែល​កម្ពុជា​ចង់បាន គឺ​ការធ្វើ​នវានុវត្តន៍​នេះឯង​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឲ្យ​ក្រុម​ធុរកិច្ច អាមេរិក​-​អាស៊ាន ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ប្រកប​ដោយ​ផាសុកភាព និង​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *