បណ្ដា​ក្រុមហ៊ុន​អាម៉េរិក​នៃ​គណៈប្រតិភូ USABC ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា ប្ដេជ្ញា​បន្ត​ពង្រីក និង​ស្វែងរក​នូវ​ឱកាស​ក្នុង​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​

ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​វិនិយោគិន ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត (​ចូលនិវត្តន៍​) Brian D. McFeeters ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋ​អាម៉េរិក​-​អាស៊ាន (USABC) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​គណៈប្រតិភូ USABC មាន​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យ​សក្តានុពល រួមមាន​៖ វិស័យ​យានយន្ត​, គ្រឿងយន្ត​កសិកម្ម​, សុខាភិបាល​, ថាមពល​, ឱសថ​, កែច្នៃ​ចំណីអាហារ​, លក់រាយ​, ក៏ដូចជា ធនាគារ និង​ហិរញ្ញវត្ថុ​។ ក្នុងឱកាស​នៃ​ជំនួប​, គណៈប្រតិភូ USABC​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​, ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ដោយ​បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ ស្ថិតនៅ​លើ​មាគ៌ា និង ទិសដៅ​យ៉ាង​ត្រឹមត្រូវ​។ ជាមួយគ្នា​នោះ​, គណៈប្រតិភូ USABC បាន​បង្ហាញ​បំណង​បន្ត​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ គណៈប្រតិភូ USABC ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​តែងតែ​បាន​ផ្ដល់​នូវ​ការគាំទ្រ និង​កិច្ចសហការ​ដ៏​ល្អ​ជាមួយនឹង​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​អាម៉េរិក​នៅ​កម្ពុជា ហើយក៏​បាន​គូសបញ្ជាក់ថា បណ្ដា​ក្រុមហ៊ុន​អាម៉េរិក​ដែល​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា នឹង​បន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង​, ពង្រីក​ការវិនិយោគ និង ស្វែងរក​នូវ​ឱកាស​វិនិយោគ​ថ្មីៗ​បន្ថែមទៀត នៅ​កម្ពុជា​។ គណៈប្រតិភូ USABC ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី​ថា បណ្ដា​ក្រុមហ៊ុន​អាម៉េរិក​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​នេះ បាន​ចូល​រួមចំណែក​ដល់​កិច្ចការ​សង្គម​នៅ​កម្ពុជា ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​សុខាភិបាល​, អប់រំ និង​វិស័យ​ជាច្រើន​ទៀត ក៏ដូចជា​ការចូលរួម​ចំណែក​ការកសាង​សមត្ថភាព និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​នៅ​កម្ពុជា ព្រមទាំង​វិស័យ SMEs ផងដែរ​។ ជាមួយគ្នា​នោះ​, បណ្ដា​ក្រុមហ៊ុន​នៃ​គណៈប្រតិភូ USABC ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការ​បន្ត​ពង្រឹង​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ ជាមួយ​កម្ពុជា​បន្ថែម​ទៀត ដើម្បី​បន្ត​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​អាម៉េរិក ដែល​បាន​ជឿជាក់ និង​ទុកចិត្ត​ក្នុងការ​បោះទុន​វិនិយោគ​នៅ​កម្ពុជា ដែល​ការណ៍​នេះ​មិន​ត្រឹមតែ​បាន​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​ថែមទាំង​បាន​ចូល​រួមចំណែក​ដល់​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ បន្ថែម​លើ​នោះ​, សម្ដេច​ធិបតី​ក៏​បាន​ស្វាគមន៍​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​បណ្ដា​ក្រុមហ៊ុន​អាម៉េរិក​ក្នុង​ការបន្ត​ផ្សារភ្ជាប់​ទំនាក់ទំនង និង​ការពង្រឹង និង​ពង្រីក​ការវិនិយោគ​របស់​ខ្លួន ក៏ដូចជា​ការស្វែងរក​ឱកាស​វិនិយោគ​លើ​វិស័យ​សក្តានុពល​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​ក៏បាន​គូសបញ្ជាក់​ជូន​គណៈប្រតិភូ USABC អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ និង​វិធានការ​ចាំបាច់​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ទៅដល់​ភាពជោគជ័យ​របស់​បណ្ដា​វិនិយោគិន​នៅ​កម្ពុជា ដោយ​ក្នុង​នោះ សម្ដេច​ធិបតី​បាន​គូស​រំលេច​អំពី​ការដាក់ចេញ​នូវ​គោលនយោបាយ​លើកទឹកចិត្ត និង​ការអនុគ្រោះ​ពន្ធ​, ការកែទម្រង់​ស្ថាប័ន​, និង​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី ដើម្បី​សម្រួល​ទៅដល់​ប្រតិបត្តិការ​អាជីវកម្មរ​បស់​វិនិយោគិន ក៏ដូចជា​រក្សា​នូវ​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុង​តំបន់ និង​សកលលោក​។ សម្ដេច​ធិបតី​ក៏​បាន​សង្កត់ធ្ងន់​អំពី​ការប្ដេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការថែរក្សា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ប្រកប​ដោយ​ភាព​អំណោយផល​ខ្ពស់ និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​របស់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​។​

​ជាទី​បញ្ចប់​, សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​គណៈប្រតិភូ USABC បន្ត​ផ្សារភ្ជាប់​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចាប់​យក​ឱកាស​ពង្រីក​ការវិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​បន្ថែម​ទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *