ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា អំពាវនាវ​អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍ បន្ត​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ​

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​វេទិកា​ស្តីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៧ ក្រោម​ប្រធានបទ សិទ្ធិ​សេរីភាព​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​បរិបទ​ឌីជីថល នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អំពាវនាវ​អង្គការ សមាគម និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព ស្រប​តាម​គោលការណ៍​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់ថា វេទិកា​ដែល​បាន​រៀបចំ​រហូត​មកដល់​លើក​ទី​៧​នេះ បាន​ស្តែង​ឱ្យឃើញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរក្សា និង​ពង្រឹង​យន្ត​ការសន្ទនា​ជា​ប្រព័ន្ធ​រវាង​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ​រួម ក្នុង​ស្មារតី​ជា​ដៃគូ​ពិតប្រាកដ​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​បន្ថែម​ថា រាជរដ្ឋាភិបាល​នៅតែ​បន្ត​រក្សា​ជំហរ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​សំខាន់ ដែល​បាន​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការស្តារ និង​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ចាប់តាំងពី​ដំណាក់កាល​ដំបូង​រហូតមក​ដល់​បច្ចុប្បន្ន​។ ជាក់ស្តែង គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២៦ ការចុះបញ្ជី​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក មាន​ចំនួន​សរុប ៦ ៥៩៧ ក្នុងនោះ​មាន​សមាគម​ចំនួន ៣ ០០១ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣ ៥៩៦​។​

​ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​ចាត់ទុក​វេទិកា​លើក​ទី​៧​នេះ ជា​វេទិកា​ដ៏​មាន​សារៈសំខាន់ ស្របពេល​ដែល​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ផ្លាស់ប្តូរ​របៀប​ធ្វើការ របៀប​ទំនាក់ទំនង របៀប​ទទួល​សេវា និង​របៀប​ដែល​ប្រជាពលរដ្ឋ​ចូលរួម​នៅក្នុង​កិច្ចការ​សង្គម​។ ដូច្នេះ បរិបទ​ឌីជីថល បាន​បង្កើត​ឱកាស​ថ្មីៗ​សម្រាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន កៀរគរ​ធនធាន សម្របសម្រួល​សកម្មភាព​ផ្តល់​សេវា​ដល់​សហគមន៍ និង​បង្កើន​ការចូលរួម​របស់​ពល​រដ្ឋ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ក្រុមការងារ​រាជរដ្ឋាភិបាល ដែល​បាន​ទទួល​សម្របសម្រួល​ដោះស្រាយ​សំណើ និង​សំណូមពរ​នានា​របស់​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ ក្រសួង​-​ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ អ្នកសារព័ត៌មាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ចូលរួម​ធ្វើ​វេទិកា​លើក​ទី​៧​នេះ​។​

​ដោយឡែក​ចំពោះ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​បាន​លើកឡើង​ក្នុង​វេទិកា​នេះ​ដែរ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ចាត់ទុក​ជា​ធាតុ​ចូល​ដ៏​មានតម្លៃ ក្នុង​ការស្វែងរក​ដំណោះស្រាយ និង​កែសម្រួល​នីតិវិធី​រដ្ឋបាល​ឱ្យ​កាន់តែ​មាន​ភាពងាយស្រួល ពិសេស​ការជំរុញ​យន្ត​ការ​ឌីជីថល ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ឱ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ពី​វេទិកា​នោះ ប្រមុខ​ក្រសួងមហាផ្ទៃ ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ត្រូវ​ប្រតិបត្តិការ​ឱ្យស្រប​តាម​ច្បាប់​ជា​ធរមាន មាន​តម្លាភាព​ហិរញ្ញវត្ថុ និង​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល ប្រកបដោយ​ការទទួលខុសត្រូវ​។ ចំណែក​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ទៀងទាត់ និង​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​បោកប្រាស់​ក្នុង​មូលដ្ឋាន​។​

​វេទិកា​លើក​ទី​៧​នេះ បាន​រៀបចំឡើង​ក្នុង​គោលបំណង​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​ដែល​សម្រេចបាន​បន្ទាប់​ពី​វេទិកា​លើក​ទី​៦​កន្លងមក ក្នុង​ការចែករំលែក​ប​ទ​ពិសោធ​ល្អៗ​ដែល​បានមកពី​ការអនុវត្ត​ជាក់ស្តែង ការលើកកម្ពស់​ការយល់ដឹង​អំពី​គោលការណ៍ និង​ការអនុវត្ត​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន ការប្រមូល​សំណើ សំណូមពរ​ចាំបាច់​របស់​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដាក់ជូន​ក្រសួង​-​ស្ថាប័ន របស់​រាជរដ្ឋាភិបាល​ពិនិត្យ​សម្របសម្រួល​ដោះស្រាយ និង​លើកស្ទួយ​នូវ​ការអនុវត្ត​សិទ្ធិ​សេរីភាព​របស់​សមា​គម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​បរិបទ​នីតិរដ្ឋ​នៅ​កម្ពុជា​។​

​វេទិកា​លើក​ទី​៧​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សមាគម​ក្រុមប្រឹក្សា​រដ្ឋបាល​មូលដ្ឋាន តំណាង​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ អ្នកសារព័ត៌មាន និង​តំណាង​អង្គការ​សង្គម​ស៊ីវិល សរុប​ចំនួន​ប្រមាណ ៧០៨​នាក់ ក្នុង​នោះ​ចូលរួម​ផ្ទាល់ ចំនួន ៥០០​នាក់ និង​ចូលរួម​តាម​ប្រព័ន្ធ​អន​ឡាញ ចំនួន ២០៨​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *