សម្ដេច​ធិបតី​៖ មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​ទេ​

ខេត្ត​ស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២៦, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធផល​នានា ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

​ថ្លែង​ក្នុង​ពិធី​នេះ​, សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​, អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​ខេត្ត​ស្ទឹងត្រែង ដែល​បាន​សហការ​គ្នា​ជិតស្និទ្ធ ក្នុង​ការបំពេញ​ការងា​រ និង​ជំរុញ​ការអភិវឌ្ឍ​ខេត្ត​ស្ទឹងត្រែង​យ៉ាង​ឆាប់រហ័ស​។ ព្រម​ជាមួយ​គ្នា​នោះ​, សម្ដេច​ធិបតី​បាន​សម្តែង​នូវ​ការកោតសរសើរ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ព្រមទាំង​លោកគ្រូ​-​អ្នកគ្រូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ដឹកនាំ និង​រៀបចំ​ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ប្រកបដោយ​ស្ថិរភាព​, សន្តិសុខ និង​បរិស្ថាន​ល្អ​។ សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​សិស្សានុសិស្ស និង​មាតាបិតា​ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ជ្រោមជ្រែង​កូនៗ​ក្នុង​ដំណើរការ​នៃ​ការសិក្សា​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​បាន​សម្តែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរ​កងទ័ព​, វីរ​នគរបាលជាតិ និង​វីរ​កងរាជអាវុធហត្ថ ដែល​បាន​ឈរជើង​ការពារ​ទឹក​ដី​នៅ​តាម​ព្រំដែន​, ចូលរួម​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​, គាំទ្រ​ការបោះបង្គោល​ព្រំដែន​របស់​រដ្ឋលេខាធិការ​ដ្ឋា​នកិច្ចការ​ព្រំដែន និង​កងវិស្វកម្ម​ដែល​បាន​ខិតខំ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​។

​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា ការបង្កើត​ទីធ្លា និង​សួន​សាធារណៈ​នានា គឺធ្វើឡើង​ក្នុង​គោលបំណង​ចម្បង​ដើម្បី​បម្រើ​ដល់​សុខុមាលភាព និង​ផា​សុខភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជា​អាទិភាព មុន​នឹង​ឈាន​ទៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ខាងក្រៅ​។ សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​ភូមិភាគ​ឦសាន រួមមាន​៖ ខេត្ត​ស្ទឹងត្រែង​, ខេត្ត​រតនគិរី​, ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ​, រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ «​កម្មវិធី​ពិសេស​ជំរុញ​ការវិនិយោគ​ក្នុង​ខេត្ត​ទាំង​៤​នៅ​ភូមិភាគ​ឦសាន ឆ្នាំ​២០២៥-២០២៨» ឬ «​កម្មវិធី SPIN» លើ​វិស័យ​កសិកម្ម​, ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍​។ ក្នុងន័យនេះ​, រាជរដ្ឋាភិបាល​ប្រើប្រាស់​វិធានការ​គាំទ្រ និង​ជំរុញ​ការវិនិយោគ​ចំនួន​៣៖ ទី​១. វិធានការ​ផ្នែក​ពន្ធដារ និង ពន្ធ​គយ​, ទី​២. ការផ្តល់​ហិរញ្ញប្បទាន​ក្រោម​អត្រា​ការប្រាក់​ទីផ្សារ​, និង ទី​៣. ការជួយ​កាត់បន្ថយ​ថ្លៃដើម​ផលិតកម្ម​, ការសម្រួល​នីតិវិធី និង ការគាំទ្រ​សកម្មភាព​វិនិយោគ​ឯកជន​។ គិត​ត្រឹម​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២៦, កម្មវិធី SPIN​នេះ ទទួលបាន​គម្រោង​ស្នើសុំ​វិនិយោគ​សរុប​ចំនួន ៧២ គម្រោង ដែល​មាន​ទុន​វិនិយោគ​ជិត ២,៧ ពាន់​លាន​ដុល្លារ និង​អាច​បង្កើត​ឱកាស​ការងារ​បាន​ជិត ៨៣០០០ កន្លែង​។ ដោយឡែក​, ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស​, ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២៦ (៧​ខែ ដើមឆ្នាំ​២០២៦), កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​សរុប​ចំនួន ២១៤ គម្រោង គិត​ជា​ទឹកប្រាក់​ជិត ៤ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ប្រមាណ ១៤០ ០០០​កន្លែង ដែល​បញ្ជាក់ថា កម្ពុជា​នៅតែ​មាន​ភាព​ទាក់ទាញ​ការវិនិយោគ​ខ្ពស់ តាមរយៈ​គោលនយោបាយ​ច្បាស់លាស់ និង​សក្តានុពល​ប្រកួតប្រជែង​។

​ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​ចូលរួម​ក្នុង «​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​» ដែល​បច្ចុប្បន្ន​ការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន​សម្រេច​បាន​ជាង ៩៥% ដែល​ក្នុងនោះ ខេត្តមណ្ឌលគិរី​បានបញ្ចប់​១០០%, ខណៈ​ខេត្តរតនគិរី​បាន​ឈូស​ឆាយ​ដល់​គោលដៅ​រួចរាល់ ប៉ុន្តែ​បន្ត​កែសម្រួល និង​បន្ត​សាងសង់​សំណង់​សិល្ប​ការ និង​ស្ពាន​។ ជាមួយគ្នានេះ​, សម្ដេច​ធិបតី​បាន​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ​ខេត្ត​ស្ទឹងត្រែង ឱ្យ​បន្ត​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឆ្លងដែន និង​ការរត់ពន្ធ​គ្រឿងញៀន​ឆ្លងដែន ដោយ​មិន​ត្រូវ​ពាក់ព័ន្ធ​នឹង «​សេដ្ឋកិច្ច​ពណ៌​ខ្មៅ​» ជាដាច់ខាត ក្រោម​អនុសាសន៍​ថា «​កុំ​ដើរ​ជាន់​ភក់ កុំ​យក​ភ​ក់មក​ដាក់​ជាប់​ខ្លួន​» និង​ត្រូវ​ខិតខំ​បង្កើត​សេដ្ឋកិច្ច​ពណ៌​ស ទោះបី​ដើរ​យឺត​បន្តិច​ក៏​ដោយ​។​

​ជា​ចុងក្រោយ​, សម្ដេច​ធិបតី​បាន​រំលឹក​ពី​គោលការណ៍​ស្នូល​ក្នុង​ការបម្រើ​រាស្ត្រ ដោយ​បាន​ផ្តាំផ្ញើ​ដល់​អភិបាលខេត្ត និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទិស​ស្លោក «​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ មិនមែន​ជា​ចៅហ្វាយ​រាស្ត្រ​ទេ​» ដោយ​មិន​ត្រូវ​គិតថា «​តើ​ក្នុងតួនាទី​នេះ ខ្ញុំ​ទទួលបាន​អ្វីខ្លះ​» នោះឡើយ ប៉ុន្តែ​ត្រូវ​គិតថា «​តើ​ខ្ញុំ​បាន​កសាង​ស្នាដៃ និង​សមិទ្ធផល​អ្វីខ្លះ​បន្សល់ទុក​ជូន​ជាតិ និង​ប្រជាជន​»​។ សម្ដេច​ធិបតី​បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​តែងតែ​យក​ប្រជាជន​ជា​គោល ហើយ​សម្រាប់​សម្ដេច​ធិបតី កាតព្វកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន ៣ យ៉ាង​គឺ​៖ ទី (១) ធានា​សុខ​ភាព​, ទី (២) ធានា​ឱ្យមាន​ចំណេះដឹង និង​បំណិន​, និង​ទី (៣) ធានា​ជីវភាព​រស់នៅ​ឱ្យបាន​ល្អ​ប្រសើរ តាមរយៈ​ការបង្កើត​ការងារ​៕

Leave a Reply

Your email address will not be published. Required fields are marked *