សហរដ្ឋ​អាមេរិក​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​

​ភ្នំពេញ​-​វិមាន​សន្តិភាព ៖ នា​ព្រឹក​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​គោលនយោបាយ នៃ​ក្រសួង​សង្គ្រាម សហរដ្ឋ​អាម៉េរិក ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុង​ជំនួប​នេះ​, ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី សហរដ្ឋ​អាម៉េរិក​-​កម្ពុជា ជាពិសេស ក្នុង​វិស័យ​ការពារជាតិ​។ ឯកឧត្តម​បាន​គូសបញ្ជាក់ថា សហរដ្ឋ​អាម៉េរិក​ប្រកាន់ខ្ជាប់​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​, គោរព​អធិបតេយ្យភាព និង​ផលប្រយោជន៍​រួម​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា កម្ពុជា​ជា​ប្រទេស​សំខាន់​មួយ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សហរដ្ឋ​អាម៉េរិក ហើយ​សហរដ្ឋ​អាម៉េរិក នឹង​បន្ត​ពូន​ជ្រំ​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​បង្ហាញ​នូវ​សេចក្តីសោមនស្ស​រីករាយ​ចំពោះ​វឌ្ឍនភាព​វិជ្ជមាន​នៃ​ទំនាក់ទំនង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក រួម​ទាំង​ក្នុង​វិស័យ​ការពារ​ជាតិ​។ សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ជាច្រើន ក្នុង​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​ប្ដេជ្ញាចិត្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ សម្ដេច​ធិបតី​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​ដំណើរការ​ត្រៀម​រៀបចំ សមយុទ្ធ​យោធា «​ឆ្មាំ​អង្គរ​» (Angkor Sentinel) ដែល​គ្រោង​នឹង​ធ្វើឡើង​នៅ​ឆ្នាំ​២០២៧ ក៏​ដូចជា​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សមត្ថភាព​ក​ង​ទ័ព​កម្ពុជា​។ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា សមយុទ្ធ និង​ការបណ្ដុះបណ្ដាល មិន​ត្រឹមតែ​ពង្រឹង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ស្ពាន​កសាង​មិត្តភាព​ជិតស្និទ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ ក្នុងឱកាស​នោះ​ដែរ សម្តេច​ធិបតី​បាន​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធានាធិបតី Donald J. Trump ក៏​ដូច​ជា​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាម៉េរិក ដែល​បាន​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់ កន្លងមក និង សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួ ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ព្រមទាំង បន្ត​យកចិត្តទុកដាក់​ចំពោះ​ការកសាង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី បាន​ជម្រាបជូន ឯកឧត្តម​អនុរដ្ឋមន្ត្រី នៃ​ក្រសួង​សង្គ្រាម​សហរដ្ឋ​អាម៉េរិក អំពី​ការវិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​បាន​គូស​រំលេច​អំពី​ការប្ដេជ្ញាចិត្ត និង​ជំហរ​របស់​កម្ពុជា ក្នុង​ការប្រកាន់យក​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ និង​អនុលោម​តាម​អនុសញ្ញា​, សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​នានា​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​៕

Leave a Reply

Your email address will not be published. Required fields are marked *