ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​អនុវត្ត​ប្រកាស​ថ្មី ចំនួន ៣ ឱ្យបាន​ម៉ឺងម៉ាត់ និង​គ្មាន​ការកែប្រែ​រហូតដល់​ឆ្នាំ​២០៣០ ដើម្បី​ពង្រឹង​អភិបាលកិច្ច​និង​អភិវឌ្ឍន៍​ធនធានមនុស្ស​

​ប្រកាស ចំនួន ៣ ដាច់ដោយឡែក​ពីគ្នា ប៉ុន្តែ​ដែល​មាន​កម្មវត្ថុ​ដូចគ្នា​គឺ​ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​អភិវឌ្ឍន៍​ធនធានមនុស្ស ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៦ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។ ពិធី​នេះ​មាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ថ្នាក់ដឹកនាំ​មកពី​តាម​បណ្តា​អគ្គនាយកដ្ឋាន ចំណុះ​ក្រសួង​មហាផ្ទៃ អង្គភាព​ពាក់ព័ន្ធ ស្នងការដ្ឋាន​តាម​បណ្តា​រាជធានី​-​ខេត្ត សរុប​ប្រមាណ ១ ៨២៥​រូប ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​អន​ឡា​ញ​។

​ប្រកាស​ទាំង​៣​នោះ​រួមមាន​៖ ទី​១. ប្រកាស​ស្តីពី​ការកំណត់​ចំនួន​មុខតំណែង​រង​ក្នុង​រចនាសម្ព័ន្ធ​អង្គភាព​នគរបាល​ជាតិ និង​ពន្ធនាគារ​ក្រសួងមហាផ្ទៃ ទី​២. ប្រកាស​ស្តីពី​ការកំណត់​ចំនួន​មុខតំណែង​ស្នងការរង នាយរង​ការិយាល័យ អធិការរង មេបញ្ជាការរង នាយរង​ផ្នែក និង​នាយរង​ប៉ុស្តិ៍នគរបាល ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត និង​ទី​៣.​ប្រកាស​ស្តីពី​ការកំណត់​លក្ខខណ្ឌ នីតិវិធី​ជ្រើសរើស និង​ការចាត់​បញ្ជូន​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ និង​សិស្ស​-​និស្សិត​នគរបាល​បន្ត​វេន ឱ្យ​ចូល​សិក្សា​វគ្គ​បណ្តុះបណ្តាល​នានា​ក្នុង និង​ក្រៅប្រទេស​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​គូសបញ្ជាក់​យ៉ាងច្បាស់​ថា ការ​ដាក់​ចេញ​ប្រកាស​ទាំង​៣​នេះ គឺជា​ជំហាន​យុទ្ធសាស្ត្រ​ដ៏​មាន​សារសំខាន់​បំផុត​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ស្ថាប័ន ក៏ដូចជា​ការធ្វើកំណែទម្រង់​រចនាសម្ព័ន្ធ​គ្រប់គ្រង​ធនធានមនុស្ស ឱ្យ​ឆ្លើយ​តប​យ៉ាង​ស៊ីជម្រៅ​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ធនធានមនុស្ស រយៈពេល​៥​ឆ្នាំ (២០២៦-២០៣០)​។ កិច្ចការ​កំណែទម្រង់​ធនធានមនុស្ស​នេះ ក៏​បាន​ស្តែងចេញ​យ៉ាង​ប្រាកដ​និយម ស្រប​តាម​ទស្សនវិស័យ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​កំណត់​យក​មនុស្ស ជា​អាទិភាព​ទី​១ ក្នុងចំណោម​អាទិភាព​គន្លឹះ​នានា នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​។​

​បើ​តាម​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី ការកសាង​និង​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ រួម​ទាំង​ការរៀបចំ​មន្ត្រី​បន្ត​វេន ឱ្យមាន​ប្រព័ន្ធ​ច្បាស់លាស់ គឺជា​កត្តា​គន្លឹះ​ដ៏​មាន​ប្រជាប្រិយភាព និង​ជា​គ្រឹះ​យ៉ាង​រឹងមាំ​ក្នុង​ការលើកកម្ពស់​ប្រសិទ្ធភាព​បំពេញភារកិច្ច​ស្នូល នៅ​តាម​គ្រប់​រចនាសម្ព័ន្ធ​អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ហើយ​ថា ការធ្វើ​បែប​នេះ គឺ​ដើម្បី​ធានា​ឱ្យបាន​ដាច់ខាត​នូវ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។​

​ជា​ការកត់សម្គាល់ ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​មន្ត្រី​ទាំងអស់ ត្រូវ​រួមគ្នា​អនុវត្ត​តាម​ស្មារតី​នៃ​ប្រកាស​ថ្មី​ទាំង​៣​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ រហូតដល់​ឆ្នាំ​២០៣០ ដោយ​មិន​ត្រូវមាន​ការកែប្រែ​ចំណុច​ណាមួយ​ជាដាច់ខាត ពោល​គឺ​រក្សា​គោលការណ៍​ដើម និង​អនុវត្ត​ឱ្យបាន​តឹងរ៉ឹង ដើម្បី​ឆ្លុះបញ្ចាំង​ពី​តម្លៃ គុណភាព និង​ប្រសិទ្ធភាព​ពិតប្រាកដ​នៃ​ការខិតខំ​ប្រឹងប្រែង​តាក់តែង​លិខិត​បទដ្ឋាន​គតិយុត្ត​ទាំងនេះ ឱ្យ​លេចចេញ​ជា​លទ្ធផល​ជាក់ស្តែង​នៅលើ​ទីលាន​ការងារ​។

​សូមបញ្ជាក់​ថា ប្រកាស​ទាំងនេះ បាន​កំណត់​នូវ​ចំនួន​មុខតំណែង​យ៉ាងច្បាស់ ក្នុង​រចនាសម្ព័ន្ធ​នីមួយៗ រួមមាន​៖ ប្រកាស​ទី​១. ត្រូវបាន​កំណត់​ចំនួន​មុខតំណែង​រង ក្នុង​រចនាសម្ព័ន្ធ​អង្គភាព​នគរបាល​ជាតិ ត្រូវមាន​អគ្គលេខាធិការរង​ចំនួន​ចន្លោះ​ពី​៤​ទៅ ៦​រូប អគ្គស្នងការ​រង ចំនួន​ពី​១៤​ទៅ ១៦​រូប អគ្គនាយករង​ធនធានមនុស្ស ចំនួន​ពី​៤​ទៅ ៦​រូប អគ្គនាយករង​ភស្តុភារ​និង​ហិរញ្ញវត្ថុ ចំនួន​ពី ៧​ទៅ ៩​រូប អគ្គាធិការរង ចំនួន​ពី​៥ ទៅ ៧​រូប អគ្គនាយករង​អន្តោប្រវេសន៍ ចំនួន​ពី​៧ ទៅ ៩​រូប អគ្គនាយករង​អត្តសញ្ញាណ​កម្ម ចំនួន​ពី​៧ ទៅ ៩​រូប អនុប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ចំនួន​ពី​៨ ទៅ ១០​រូប អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង ចំនួន​ពី​៣ ទៅ ៥​រូប អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ចំនួន​ពី​៥ ទៅ ៧​រូប អគ្គនាយករង​បច្ចេកវិទ្យា​ឌីជីថល​និង​ផ្សព្វផ្សាយ​អប់រំ ចំនួន​ពី​៦ ទៅ ៨​រូប​។​

​ចំពោះ​មុខ​តំណែង​អនុប្រធាន​សេនាធិការដ្ឋាន អនុប្រធាន​នាយកដ្ឋាន​កណ្តាល ត្រូវមាន ចំនួន​ពី​៣ ទៅ ៥​រូប អនុប្រធាននាយកដ្ឋាន ចំនួន​ពី ៤ ទៅ ៦​រូប នាយរង​ការិយាល័យ ចំនួន ៤​រូប នាយរង​ផ្នែក ចំនួន ២​រូប​។ ចំពោះ​ចំនួន​មុខតំណែង​រង ក្នុង​រចនាសម្ព័ន្ធ​អង្គភាព​ពន្ធនាគារ រួមមាន អគ្គនាយករង ចំនួន​ពី​៥ ទៅ ៧​រូប អនុប្រធាននាយកដ្ឋាន ចំនួន​ពី​៤ ទៅ ៦​រូប អនុប្រធាន​មណ្ឌល​អប់រំ​កែប្រែ អនុប្រធាន​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន​ពី​៤ ទៅ ៦​រូប អនុប្រធាន​ការិយាល័យ ចំនួន​៤​រូប អនុប្រធាន​ផ្នែក ចំនួន ២​រូប​។ (​មាន​ត​…)

​ប្រកាស​ទី​២. ត្រូវបាន​កំណត់​មុខតំណែង ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត រួមមាន​៖ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវមាន​ចំនួន​ពី​១៤ ទៅ​១៦​រូប ស្នងការរង​នគរបាល​ខេត្ត​ជាប់​ព្រំដែន មាន​ចំនួន​ពី​១២ ទៅ ១៤​រូប ស្នងការរង​នគរបាល​ខេត្ត​មិន​ជាប់​ព្រំដែន និង​ខេត្ត​ព្រះវិហារ មាន​ចំនួន​ពី​១១ ទៅ ១៣​រូប ស្នងការរង​នគរបាល​ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន មាន​ចំនួន​ពី​៧ ទៅ ៩​រូប​។ ចំពោះ​ស្នងការរង​ទទួល​ផែនកា​រងារ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេនឌ័រ ត្រូវមាន​១​រូប ជា​នារី​។​

​ចំពោះ​មុខ​តំណែង​នាយរង​ការិយាល័យ ត្រូវមាន​ចំនួន ៤​រូប អធិការរង​នគរបាល​ខណ្ឌ មាន​ចំនួន ៨​រូប អធិការរង​នគរបាល​ក្រុង​សៀមរាប និង​ក្រុងព្រះសីហនុ មាន​ចំនួន ៨​រូប អធិការរង​នគរបាល​ក្រុង ស្រុក មាន​ចំនួន ៦​រូប មេបញ្ជាការរង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក មាន​ចំនួន ៤​រូប​។​ចំពោះ នាយរង​ការិយាល័យ អធិការរង​នគរបាល និង​មេបញ្ជាការរង ត្រូវមាន​១​រូប ជា​នារី​។ រីឯ​មុខតំណែង​នាយរង​ផ្នែក ចំណុះ​ការិយាល័យ ត្រូវមាន​ចំនួន ២​រូប នាយរង​ផ្នែក​ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន ២​រូប នាយរង​ផ្នែក​ចំណុះ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក មាន​ចំនួន​២​រូប នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ មាន​ចំនួន ៤​រូប នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ មាន​ចំនួន ៣​រូប និង​នាយរង​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក មាន​ចំនួន ២​រូប​។​

​ដោយឡែក​ចំពោះ​ប្រកាស​ទី​៣ ស្តីពី​ការកំណត់​លក្ខខណ្ឌ នីតិវិធី​ជ្រើសរើស និង​ការចាត់​បញ្ជូន​មន្ត្រីរាជការ​នៃ​ក្រសួងមហាផ្ទៃ និង​សិស្ស​-​និស្សិត​នគរបាល​បន្ត​វេន ឱ្យ​ចូល​សិក្សា​វគ្គ​បណ្តុះបណ្តាល​នានា​ក្នុង និង​ក្រៅប្រទេស គឺ​សម្រេច​ពី​ការជ្រើសរើស និង​ការចាត់​បញ្ជូន​មន្ត្រីរាជការ និង សិស្ស និស្សិត​នគរបាល​បន្ត​វេន ឱ្យ​ចូល​សិក្សា វគ្គ​បណ្តុះបណ្តាល​នានា មាន​គោលបំណង ផ្តល់​ចំណេះដឹង​និង​ជំនាញ​វិជ្ជាជីវៈ បង្កើន​គុណវុឌ្ឍិ សមត្ថភាព វិជ្ជាជីវៈ និង​ចំណេះដឹង​ថ្មីៗ ដកស្រង់​បទពិសោធ លក្ខណៈ​ជាតិ និង​អន្តរជាតិ លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​ដឹកនាំ គ្រប់គ្រង និង​ការអនុវត្ត​ការងារ​តាម​ជំនាញ​នីមួយៗ លើកកម្ពស់​ស្មារតី ឆន្ទៈ​មនសិការ ការទទួលខុសត្រូវ ការពង្រឹង​វិន័យ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ការចាត់​បញ្ជូនទៅ​បណ្តុះបណ្តាល​នានា ស្រប​តាម​លក្ខខណ្ឌ​និង​តម្រូវការ​ចាំបាច់​។ ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ ក្រប​ខណ្ឌ​មន្ត្រីនគរបាល​ជាតិ​កម្ពុ​ជា ក្របខណ្ឌ​មន្ត្រី ពន្ធនាគារ ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួងមហាផ្ទៃ និង សិស្ស និស្សិត​នគរបាល​បន្ត​វេន​៕

Leave a Reply

Your email address will not be published. Required fields are marked *