សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​សាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយក​សាកលវិទ្យាល័យ​ការបរទេស​ចិន (CFAU) ចូលជួប​សម្ដែង​ការគួរសម

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​កើត ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាតឱ្យ​លោក​សាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយក​សាកលវិទ្យាល័យ​ការបរទេស​ចិន (CFAU) ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បានចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សាកលវិទ្យាល័យ​កិច្ចការបរទេស​ចិន​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការលើកកម្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដែកថែប​រវាង​កម្ពុជា​និង​ចិន​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​នៅក្នុង​ឱកាស​នោះ​លោក​សាស្ត្រាចារ្យ កាវ ហ្វៃ បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាត​ឲ្យ​លោក​ក៏​ដូចជា​ប្រតិភូ​របស់​សាកលវិទ្យាល័យ​កិច្ចការបរទេស​ចិន បាន​ចូលជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ លោក​បាន​សរសើរ​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា​ដែល​មាន​ការប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។
​លោក​ថា ការរីកចម្រើន​របស់​កម្ពុជា​នៅពេលនេះ គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​ដឹកនាំ​ដោយ​សម្ដេច​តេជោ ដែល​ជា​អតីត​នាយករដ្ឋមន្ត្រី ហើយ​បន្ត​ដោយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​បន្តវេន​នាពេល​បច្ចុប្បន្ន​នេះ​។
​លោក​បាន​កោតសរសើរ​មិន​ដាច់​ពី​មាត់​អំពី​ស្ថានភាព​នៃ​សន្តិភាព ស្ថេរភាព ដែល​ជា​កត្តា​សំខាន់​នៅក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ លោក​ក៏​បាន​លើកឡើង​អំពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​សាកលវិទ្យាល័យ​កិច្ចការ​ប្រទេស​ចិន​នៅ​ពេល​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​រៀបចំ​នូវ​កិច្ចសន្ទនា​ការទូត​ក្រោយ (Track II Diplomacy) ដែល​ជា​កិច្ចសន្ទនា​មួយ​ចូលរួមចំណែក​ដ៏​សំខាន់​នៅ​ក្នុង​ការផ្លាស់ប្ដូរ​យោបល់​គ្នា ជាពិសេស​គឺ​ការគាំទ្រ​ដល់​ការដោះស្រាយ​បញ្ហា​វិបត្តិ​ព្រំដែន កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី​។

​សម្ដេច​តេ​ជោបាន​ស្វាគមន៍​ចំពោះ​ការលើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​កិច្ចការបរទេស​ជាពិសេស​គឺ​ពេញចិត្ត​ចំពោះ​ការលើកឡើង​ពី​ការមើលឃើញ​ដោយ​ផ្ទាល់​របស់​លោក​អំពី​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​កម្ពុជា​។ សម្ដេច​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​នៅពេល​បច្ចុប្បន្ន​នេះ ដែល​ជា​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ហើយ​ជា​សហគមន៍​ជោគវាសនា​រួម គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី​។
​បន្ថែម​ពីលើ​នេះ​សម្ដេច​តេជោ ក៏​បាន​អរគុណ​ដែរ​ចំពោះ​តួនាទី​របស់​សាកលវិទ្យាល័យ​កិច្ចការបរទេស​ចិន​ដែល​បាន​រៀបចំ​នូវ​កិច្ចសន្ទនា​ការទូត​ក្រោយ ប៉ុន្តែ​និយាយ​ជា​រួម​គឺ ការចូលរួម​របស់​ចិន​នៅ​ក្នុង​ការគាំទ្រ​ដោយ​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយ​ឈរ​លើ​សន្តិវិធី​។​

​ជា​ចុងក្រោយ​សម្ដេច​តេជោ​ហ៊ុន សែន បាន​ជូនពរឲ្យ​ប្រតិភូ​ទាំងអស់​បំពេញ​ទស្សន​កិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ភាពជោគជ័យ​៕​

 

    

Leave a Reply

Your email address will not be published. Required fields are marked *