សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Andrey RUDENKO អនុ​រដ្ឋមន្ត្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី ចូលជួប​សម្តែង​ការគួរសម

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​ចន្ទ ១១​កើត ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ពុទ្ធ​សករាជ ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៦
​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Andrey RUDENKO អនុ​រដ្ឋមន្ត្រីការបរទេស នៃ​សហព័ន្ធរុស្ស៊ី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ​ឯកឧត្តម Andrey RUDENKO ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​នៅពេលនេះ​។​សម្ដេច​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេលនេះ គឺជា​ផ្នែក​នៃ​ការញ៉ាំង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​ឲ្យ​កាន់តែ​រីកចម្រើន​និង​រឹងមាំ​បន្ថែម​ទៀត​។ សម្ដេច​បាន​រំលេច​ថា ឆ្នាំនេះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​បាន​ឈាន​មក​ដល់​ខួប​៧០​ឆ្នាំ​ហើយ ដែល​បង្ហាញ​អំពី​ទំនាក់ទំនង​ដ៏​មាន​វ័យ​ចំណាស់​មួយ​រវាង​ប្រទេស​ទាំង​ពីរ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Andrey RUDENKO បាន​សរសើរ​ចំពោះ​សម្ដេច​តេជោ និង​បាន​លើកឡើង​ថា សម្ដេច​តេជោ​គឺជា​មេដឹក​នាំ​មួយរូប​ដែល​ប្រជាជន​រុស្ស៊ី​បាន​ស្គាល់ ហើយ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការលើកកម្ពស់​ទំ​នាក់​ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី និង​តួនាទី​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។​បន្ថែម​ពីលើ​នោះ ឯកឧត្តម​ក៏បាន​ជម្រាប​សម្ដេច​តេជោ ពី​ការពង្រឹង​នូវ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​ឲ្យមាន​ការកើនឡើង​។

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការស្វាគមន៍ និង​ការពេញចិត្ត​ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម​អនុរដ្ឋមន្ត្រី​ជុំវិញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​។ សម្ដេច​បាន​ស្វាគមន៍​បន្ថែម​ទៀត​ចំពោះ​ការពិភាក្សា​រវាង​ឯកឧត្តម​ជាមួយនឹង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ផ្ដោត​ទៅលើ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ដែល​សម្ដេច​បាន​ចាត់ទុក​ថា ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​នេះ គឺជា​ចំណុច​ស្នូរ​បន្ថែម​ទៀត​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​។ បន្ថែម​ពីលើ​នេះ សម្ដេច​តេជោក៏បាន​រំលេ​ច​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​រុស្ស៊ី​
​ជាពិសេស​គឺ​តួនាទី​របស់​សម្ដេច​ផ្ទាល់​ដែល​បាន​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​រុស្ស៊ី​តាំង​ពី​សម្ដេច​តេជោ​នៅ​ជា​រដ្ឋមន្ត្រី​ការបរទេ​ស រហូតដល់​សម្ដេច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​ជាច្រើនលើក និង​បាន​ធ្វើ​កិច្ច​ការងារ​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ជាច្រើន​កន្លងមក​។​សម្ដេច​ក៏​បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​រុស្ស៊ី​ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា ជាពិសេស​គឺ​ការជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​របស់​កម្ពុជា​។

​ជាមួយគ្នា​នេះ​ឯកឧត្តម Andrey RUDENKO ក៏បាន​លើកឡើង​ពី​ការរង់ចាំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។ ឯកឧត្តម​បាន​លើកឡើង​ថា ថ្នាក់ដឹកនាំ​របស់​រុស្ស៊ី ឯកឧត្តម វ្លា​ឌី​មៀ ពូ​ទីន កំពុងតែ​រង់ចាំ​វត្តមាន​របស់​សម្ដេច​តេជោ​ក្នុងការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅពេល​ដែល​ឆាប់ៗ​ខាងមុខនេះ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោក៏បាន​លើក​ឡើងថា នៅពេលនេះ សម្ដេច​កំពុង​តែ​ពិនិត្យ​មើល​ពី​កាលបរិច្ឆេទ ដើម្បី​កំណត់​នូវ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​កាន់​ប្រទេស​រុស្ស៊ី​នៅពេល​ខាងមុខ​ហើយ​សម្ដេច​ក៏​សូម​បញ្ជាក់​ផងដែរ​ថា​កម្ពុជា​ក៏​ត្រៀម​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​គណបក្ស​រុស្ស៊ី​រួបរួម​ផងដែរ ដែល​ឯកឧត្តម​ដែល​គ្រោង​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់​ឯកឧត្តម និង​ប្រតិភូ​ទាំងអស់ ឲ្យបំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា ប្រកប​ដោយ​ភាពជោគជ័យ​៕

Leave a Reply

Your email address will not be published. Required fields are marked *