​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត​ថ្មី ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​

ភ្នំពេញ-​វិមាន​សន្តិភាព ៖ ​នា​រសៀល​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ថា​ម៊ែ​រ ម៉ូ​ហាំ​ម៉េដ អេ​. អាល់​ហ្គោសៃ​ប៊ី (Thamer Mohammed A. Algosaibi) ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ឯកអគ្គរាជទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ពី​ប្ដេជ្ញាចិត្ត​ក្នុង​ការខិតខំ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត ក្នុង​អាណត្តិ​ការទូត​របស់​ខ្លួន​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិបតី អំពី​បេសកកម្ម​ការទូត​ស្នូល​ចំនួន​ពីរ ដើម្បី​បន្ត​ពូន​ជ្រំ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ រួមមាន​៖ ទី​១) ការជំរុញ​ការផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ការងា​រ​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់​កម្រិត និង ទី​២) ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ឯកជន និង​វិស័យ​ឯកជន ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​គម្រោង​របស់​គណៈប្រតិភូ​ធុរកិច្ច​អា​រ៉ាប៊ីសាអូឌីតដែ​លនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ដើម្បី​ស្វែងរក​កាលានុវត្តភាព​ពាណិជ្ជកម្ម និង វិនិយោគ​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្តែង​ការអបអរសាទរ​ចំពោះ ឯកឧត្តម ថា​ម៊ែ​រ ម៉ូ​ហាំ​ម៉េដ អេ​. អាល់​ហ្គោសៃ​ប៊ី ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា និង​មាន​ជំនឿ​ជា​ក់ថា អាណត្តិ​ការទូត​របស់​ឯកឧត្តម​នឹង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន​ទ្វេដង​។ ទន្ទឹមនឹងនោះ​, សម្ដេច​ធិបតី​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា មាន​គោលនយោបាយ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ​ក៏​មាន​អា​រ៉ាប៊ីសាអូឌីត​ផងដែរ​។ សម្ដេច​ធិបតី​បាន​បន្ថែមថា ការវិនិយោគ​នៅ​កម្ពុជា​មិន​ត្រឹម​តែ​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់ឱកាស​ក្នុង​ការទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​កម្ពុជា​មាន​ជាមួយ​ដៃគូ​ក្នុង​តំបន់ និង​អន្តរជាតិ​ទៀតផង​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី និង ឯកឧត្តម​ឯកអគ្គរាជទូត​ក៏​បាន​ពិភាក្សា​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សក្តានុពល​មួយចំនួន រួមមាន​៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, ការវិនិយោគ​, ទេសចរណ៍​, កសិកម្ម​, បច្ចេកវិទ្យា និង​បញ្ញា​សិប្បនិម្មិត (AI)​។ សម្ដេច​ធិបតី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ឯកឧត្តម​ឯកអគ្គរាជទូត​បន្តស​ហ​ការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​ថ្មីៗ​បន្ថែមទៀត​ក្នុង​ការបោះ​ជំហាន​រួម​គ្នា​នាពេល​អនាគត​៕

Leave a Reply

Your email address will not be published. Required fields are marked *