នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្ដម ថាមើ ម៉ូហាមេដ អេ អាលហ្គោសាយប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតរបស់អារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិរបស់ឯកឧត្តមដែលជាឯកអគ្គរាជទូតថ្មីរបស់អារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត កាន់តែរីកចម្រើនបន្ថែមទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត តាមរយៈនៃការផ្លាស់ប្ដូរជាបន្តបន្ទាប់នៃដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់រវាងកម្ពុជានិងអារ៉ាប៊ីសាអូឌីត។បន្ថែមពីលើនោះ ក៏មានការផ្លាស់ប្ដូរនូវធុរជនរបស់អារ៉ាប៊ីសាអូឌីត មកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលនេះជាផ្នែកមួយក្នុងការពង្រឹងបន្ថែមទៀតទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប់ប៊ីសាអូឌីត នៅមានសក្ដានុពលច្រើន ដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នាបានជាពិសេសគឺការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
សម្ដេចតេជោបានចាត់ទុកការវិនិយោគ ជាចំណុចស្នូល នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតបន្ថែមពីលើនេះ សម្ដេចតេជោបានផ្ដល់នូវទស្សនៈចំនួន៣ សំខាន់ដើម្បីជំរុញឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរីកចម្រើនទី១ សម្ដេចចង់សង្កត់ទៅលើការជំរុញបន្ថែមទៀតទៅលើការផ្លាស់ប្ដូរនៃទស្សនកិច្ច ឬទំនាក់ទំនងរវាងមេដឹកនាំកំពូលរវាងប្រទេសទាំងពីរឱ្យកាន់តែញឹកញាប់បន្ថែមទៀតដើម្បីបន្ថែមនូវការជឿជាក់គ្នារវាងប្រទេសទាំងពីរ។ចំណុចទីពី២ គឺទាក់ទងទៅនឹងការវិនិយោគ គឺការផ្លាស់ប្ដូរនូវអ្នកវិនិយោគ ការទស្សនកិច្ចរវាងធុរជន ហើយជាពិសេសគឺធុរជន រវាងប្រទេសទាំងពីរធ្វើការជាមួយគ្នាដើម្បីបង្កើននូវការវិនិយោគនៅក្នុងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង។ សម្ដេចចង់ឃើញអ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន ជាពិសេសទៅលើការកែច្នៃដើម្បីនាំផលិតផលរបស់កម្ពុជា ដូចជាកសិកម្មជាដើម ទៅលក់នៅអារ៉ាប៊ីសាអូឌី។ ចំណុចទី៣ សម្ដេចតេជោបានជំរុញបន្ថែមទៀត ធ្វើយ៉ាងណារដ្ឋាភិបាលនៃប្រទេសទាំងពីរ គឺជំរុញឱ្យមានទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតហើយជាពិសេសនោះ គឺការផ្ដោតទៅលើវិស័យទេសចរណ៍ដើម្បីជាការជំរុញបន្ថែមទៀតទៅលើទំនាក់ទំនងក្នុងក្របខណ្ឌនយោបាយរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

