អភិបាលខេត្ត​កំពង់ស្ពឺ ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស មន្ទីរ​ធនធានទឹក និង​មន្ទីរ​កសិកម្ម ចុះ​ពិនិត្យ​ប្រព័ន្ធ​ស្រោចស្រព​ជាក់ស្តែង ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ​

កំពង់ស្ពឺ​៖ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៦​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស ដោយ​មាន​ការចូលរួម​ពី លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ប្រព័ន្ធ​ស្រោចស្រព ក្នុង​ភូមិសាស្ត្រ​ក្រុង​ច្បារមន ដើម្បី​វាយតម្លៃ​ពី​សមត្ថភាព​ផ្ទុក និង​ការ​ចែកចាយ​ទឹក ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​។​
‎
‎​ការចុះពិនិត្យ​ដោយផ្ទាល់​នា​ឱកាស​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ឆ្លើយតប​ឱ្យបាន​ទាន់​ពេលវេលា​ចំពោះ​តម្រូវការ​ទឹក​ស្រោចស្រព​ដំណាំ​បង្កបង្កើនផល និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បាន​សង្កត់ធ្ងន់​លើ​ការត្រួតពិនិត្យ​មុខទឹក ប្រឡាយ​នាំ​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ​នានា សំដៅ​ធានា​ឱ្យ​ការផ្គត់ផ្គង់​ទឹក​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​រលូន​ពេញ​មួយ​រដូវ​។​
‎
‎​នៅក្នុង​សកម្មភាព​នោះដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ផ្តល់​អនុសាសន៍ និង​ណែនាំ​ដល់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត អាជ្ញាធរ​ក្រុង​ច្បារមន និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​យកចិត្តទុកដាក់​តាមដាន​ប្រភពទឹក និង​ស្ថានភាព​បង្កបង្កើនផល​របស់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ព្រមទាំង​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ក្នុង​ការគ្រប់គ្រង និង​បែងចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ស្មើភាព និង​គ្របដណ្តប់​គ្រប់​តំបន់​ដែល​កំពុង​ត្រូវ​ការចាំបាច់​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *