​អគារ​សង្គមកិច្ច និង​សុខមាលភាព​សង្គម នៅ​ស្រុក​ភ្នំស្រួច ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​

កំពង់ស្ពឺ​៖ ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៦​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​កំពង់ស្ពឺ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម​នៃ​រដ្ឋបាល​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ដើម្បី​ដាក់​ឱ្យ​ដំណើរការ​នូវ​សមិទ្ធផល​អគារ​ថ្មីៗ សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​សង្គមកិច្ច ដូច​ជា​ការិយាល័យ​រដ្ឋ​បាល​, មជ្ឈមណ្ឌល​ស្ដារនីតិសម្បទា​, ឬ​មណ្ឌល​ថែទាំ​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​។ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​/​ស្រុក គណៈ​អភិបាលរង​ខេត្ត គណៈ​អភិបាលស្រុក ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​ជា​កិច្ច​ចាប់ផ្តើម​លោក អ៊ុំ សំអឿន អភិបាល​ស្រុក​ភ្នំស្រួច បាន​រាយការណ៍​របាយ​ការណ៍​សង្ខេប​ស្តីពី​វឌ្ឍនភាព​ដំណើរការ​នៃ​ការសាងសង់​អគារ​សង្គមកិច្ច និង​សុខមាលភាព​សង្គម នៅ​ស្រុក​ភ្នំស្រួច​ជូន​គណៈអធិបតី និង​ភ្ញៀវកិត្តិយស​បាន​ជ្រាប​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​លើកឡើង​ថា វិស័យ​សង្គមកិច្ច គឺជា​កិច្ចការ និង​សេវា​សាធារណៈ​របស់​រដ្ឋ​ក្នុង​ការរៀបចំ​ថែទាំ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ជាពិសេស​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​នៅ​ក្នុង​សង្គម​។ ដែល​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ចំពោះ​បងប្អូន​ដែល​ជា​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​មាន​វិបល្លាស​ស្មារតី ឱ្យ​ទទួលបាន សេវា ព្យាបាល ថែទាំ ប្រឹក្សា​យោបល់ និង​ស្តារនីតិសម្បទា​ល្អ ប្រសើរ​ឡើង​វិញ​។​

​ជាពិសេស​ការសាងសង់​នេះ ក៏​ស្រប​ជាមួយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្នុង​បរិយាកាស​ដែល​ប្រទេសជាតិ មាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​មាន​សុវត្ថិភាព​សង្គម​យ៉ាង​ល្អ ពេញលេញ​សំដៅ​ជំរុញ និង​លើកកម្ពស់​សុខុមាលភាព​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​ឱ្យ​មាន​ការវិវត្តន៍​រីកចម្រើន ស្របតាម​បំណងប្រាថ្នា​របស់​ប្រជាជន ដែល​មាន​ទំនុកចិត្ត​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​កំពង់ស្ពឺ បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ក្នុង​ការគិតគូរ​ផលប្រយោជន៍​ប្រជាជន​ទូទៅ​ជាពិសេស ប្រជាជន​ក្រីក្រ ជនរងគ្រោះ និង​ងាយ​រងគ្រោះ តាមរយៈ​ការរៀបចំ​ឱ្យមាន​នូវ​បទដ្ឋាន​គតិយុត្ត និង​គោលនយោបាយ​នានា ព្រមទាំង​យន្តការ ដើម្បី​គាំទ្រ​ដល់​វិស័យ​សង្គមកិច្ច ។​ដូច្នេះ​ការសាងសង់​មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី នេះ​ឡើង មិនមែន​ជា​កត្តា ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​ពេល វេលា​សមស្រប​បំផុត​មួយ ជាមួយ​នឹង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច និង​សង្គម គឺ​ត្រូវ​ការគិតគូរ​ប្រកប​ដោយ​យុទ្ធសាស្ត្រ ក្នុង​ការយក ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ សុខុមាលភាព​របស់​ប្រជាជន ដែល​ជា​វិស័យ​ឆ្អឹងខ្នង​គ្របដណ្តប់​លើ​គ្រប់​ទិដ្ឋភាព ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​។​
​

Leave a Reply

Your email address will not be published. Required fields are marked *