សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោកជំទាវ ស៊ី​ល​ឃ័រ រើ​ហ្វ៊័រ (Silke Röfer) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង​

​នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​អង្គារ ៤​កើត ខែ​ភទ្របទ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៦ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាត​ឱ្យ លោកជំទាវ ស៊ី​ល​ឃ័រ រើ​ហ្វ៊័រ (Silke Röfer) ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ប្រគល់​សារតាំង​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឲ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ក្នុង​ព្រះបរមនាម​របស់​ព្រះមហាក្សត្រ​សូម​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក​ជំទាវ​ដែល​ទទួលបាន​នូវ​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​របស់​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​សង្ឃឹមថា​វត្តមាន​របស់​លោកជំទាវ​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អាល្លឺម៉ង់​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នោះ លោកជំទាវ​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​បាន​អនុញ្ញាត​ឲ្យ​លោកជំទាវ​បាន​ចូលជួប និង​ជូន​សារតាំង​នាឱកាស​នេះ​។ លោកជំទាវ​បាន​ប្តេជ្ញាចិត្ត​ថា ក្នុង​អាណត្តិ​របស់​លោកជំទាវ លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​ពី​សមត្ថភាព​ក្នុង​ការលើកកម្ពស់​នូវ​ទំនាក់ទំនង រវាង​កម្ពុជា និង​អាល្លឺម៉ង់ ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។​

​លោកជំទាវ​បាន​លើកឡើង​ទៀតថា ក្នុង​បេសកកម្ម​របស់​លោកជំទាវ លោកជំទាវ​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស ទាក់ទាញ​ធុរជន របស់​អាល្លឺម៉ង់​ឱ្យមក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​សម្ដេច​តេជោ បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការលើកឡើង​របស់​លោក​ជំទាវ ជាពិសេស​សម្ដេច​បាន​ពេញចិត្ត​ទៅ​លើ​ការពង្រឹង​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ការវិនិយោគ​។ សម្ដេច​ចាត់ទុកថា សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​ការវិនិយោគ​នេះឯង គឺជា​ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ សម្ដេច​ក៏​ពេញចិត្ត​ផងដែរ ចំពោះ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​នា​ពេលកន្លងមក​នេះ ដែល​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​។ អាល្លឺម៉ង់ គឺជា​ប្រទេស​មួយ ជា​ដៃគូ​ដ៏​សំខាន់​របស់​កម្ពុជា ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​តំបន់​អឺរ៉ុប ដែល​កន្លង​ទៅ​ទំហំ​ពាណិជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​មាន​រហូត​ដល់​៣​ពាន់​លាន​ដុល្លារ ហើយ​នឹង​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ទៀត​។​

​ជា​ចុងក្រោយ សម្ដេច​តេ​ជោបាន​ជូនព​រ​លោក​ជំទាវ ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ទទួលបាន​នូវ​ភាពជោគជ័យ ក្នុង​បេសកកម្ម​ការងារ​នៅ​កម្ពុជា​៕
​

Leave a Reply

Your email address will not be published. Required fields are marked *