សម្តេច​ធិបតី​៖ ភាព​ជោគជ័យ​នៃ​វិស័យ​ឧស្សាហកម្ម ស្ថិត​លើ​ការរស់រាន រីកចម្រើន និង​ចីរភាព មិនមែន​តែ​លើ​ចំនួន​រោងចក្រ​ដែល​បើក​នោះឡើយ​

នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​ម៉ាក GAC» របស់​ក្រុមហ៊ុន ធី អេច អូ​តូ​ម៉ូ​ធី​វ មេ​នូ​ហ្វេ​ក​ឆឺ​រី​ង ឯ​.​ក (TH Automotive Manufacturing Co., Ltd.) ស្ថិតក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។​

​ថ្លែង​ទៅ​កាន់​អង្គពិធី​, សម្ដេច​ធិបតី​មានប្រសាសន៍ថា រោងចក្រ​ផ្គុំ​ដំឡើងរថយន្ត​ថ្មី​នេះ ជា​ការវិនិយោគ និង​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​កូន​ខ្មែរ ១០០% ដោយ​មាន​សមត្ថភាព​ផ្គុំ​ដំឡើងរថយន្ត​បាន​ប្រមាណ ២ ម៉ឺន​គ្រឿង​ក្នុង​មួយឆ្នាំ ក្នុង​ទម្រង់ CKD (Completely Knocked Down) សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ៩០% និង​នាំចេញ ១០% ព្រមទាំង​បាន​បង្កើត​ការងារ​ជំនាញ​បច្ចេកទេស​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ២៥០ នាក់​។ វត្តមាន​នៃ​រោងចក្រ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ការបោះ​ជំហាន​ជោគជ័យ​ថ្មី​មួយទៀត​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើ​បរិវត្ត​កម្ម​វិស័យ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម (​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​) ទៅ​ជា​ឧស្សាហកម្ម​ដែល​ប្រើប្រាស់​មូលធន​, បច្ចេកវិទ្យា និង​ជំនាញ​កម្រិត​ខ្ពស់​។​

​សម្តេច​ធិបតី បាន​សង្កត់ធ្ងន់ថា ភាព​ជោគជ័យ​នៃ​វិស័យ​ឧស្សាហកម្ម មិនមែន​អាស្រ័យទៅលើ​ការវាស់វែង​តែ​លើ​ចំនួន​រោងចក្រ​ដែល​បាន​បើក​ដំណើរការ​នោះ​ទេ ប៉ុន្តែ ស្ថិតនៅ​លើ​សមត្ថភាព​រស់រាន រីកចម្រើន​, ភាព​ធន់ និង​ចីរភាព​របស់​រោងចក្រ​ទាំងនោះ​។ ក្នុងន័យនេះ សម្តេច​ធិបតី បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​លើ​ការរក្សា​នូវ​តុល្យភាព និង​សមាមាត្រ​រវាង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ចំនួន​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត ក្នុង​គោលដៅ​ធានា​ដល់​ការរីកចម្រើន​នៃ​រោងចក្រ​ដែល​មាន​ស្រាប់ ដែល​ជា​ការធានា​នូវ​បរិស្ថាន​វិនិយោគ និង​ការរក្សា​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​ចំពោះ​កម្ពុជា​។ សម្ដេច​ធិបតី​ក៏​បាន​បន្ថែមទៀតថា ការដាក់ចេញ​គោលនយោបាយ និង​ការអនុគ្រោះ​ពន្ធ​នានា គឺ​សំដៅ​គាំទ្រ​ដល់ «​វិស័យ​ទាំងមូល​» មិនមែន​ផ្តល់​ការអនុគ្រោះ​ដោយឡែក​សម្រាប់​ក្រុមហ៊ុន​ណា​មួយ​នោះឡើយ និង​សំដៅ​ធានា​បរិយាកាស​ធុរកិច្ច​ដែល​មាន​តម្លាភាព​, យុត្តិធម៌ និង​ការប្រកួតប្រជែង​ស្មើភាព​។​

​ទន្ទឹមនឹងនេះ​, សម្តេច​ធិបតី​បានលើកឡើង​ពី​ទិសដៅ​ជំរុញ «​ឧស្សាហកម្ម​ប្រតិគម​ន៍ (backward linkages)» ដោយ​រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​គោលនយោបាយ​លើកទឹកចិត្ត ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ផ្គុំ​ដំឡើងរថយន្ត​ធំៗ ភ្ជាប់​កិច្ចសហការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) នៅក្នុង​ស្រុក ក្នុងការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត​ផ្សេងៗ សំដៅ​កាត់បន្ថយ​ការពឹងផ្អែក​លើ​ការ​នាំចូល​ពី​បរទេស និង​ជំរុញ​ឱ្យ​កម្ពុជា​ក្លាយជា​ចំណែក​មួយ​នៃ​ខ្សែ​ច្រវាក់​ផលិតកម្ម​យានយន្ត​ក្នុង​តំបន់​អាស៊ាន តាម​អភិក្រម «​ផ្គុំ​ដំឡើង​, ផលិត​គ្រឿង​បង្គុំ​, បង្កើត​ជំនាញ​វិស្វកម្ម​, អភិវឌ្ឍ​បច្ចេកវិទ្យា និង​នាំចេញ​»​។ សម្តេច​ធិបតី បានចាត់ទុក​ការវិនិយោគ​លើ​វិស័យ​នេះ គឺជា​មោទនភាព​ជាតិ និង​ជា​ការផ្ទេរ​បច្ចេកវិទ្យា​ជាក់ស្តែង​ដល់​ធនធានមនុស្ស​កម្ពុ​ជា ក្នុង​ការទទួលបាន​នូវ​ចំណេះដឹង​, ជំនាញ និង​បទពិសោធន៍​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​៕

​

Leave a Reply

Your email address will not be published. Required fields are marked *