ក្រុម​អ្នកសម្របសម្រួល (CLG) កម្ពុជា សម្របសម្រួល​ជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅក្នុង​ជំរំ​ជនភៀសសឹក ស្ថិតនៅ​ភូមិ​រង់ចាំ ខេត្ត​បន្ទាយមានជ័យ

កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៦ វេលា​ម៉ោង ១៦:២២​នាទី ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធាន​អធិការកិច្ច នៃ​កងទ័ព​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ និង​នៅក្នុង​ជំរំ​ជនភៀសសឹក ស្ថិតនៅ​ភូមិ​រង់ចាំ ខេត្ត​បន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ចំនួន ៣,៣១៨ គ្រួសារ ស្មើនឹង ១៣,២៥៩ នាក់ នៅ​ពុំទាន់​អាច​វិល​ចូលទៅ​រស់នៅ​ក្នុង​លំនៅដ្ឋាន​ពួកគាត់​វិញ​បាន​នៅឡើយ ដោយសារ​ផ្ទះសម្បែង​របស់គាត់​ត្រូវបាន​ទទួល​រង​ការវាយប្រហារ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ដោយ​ការទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង និង​គ្រាប់ផ្លោង ព្រមទាំង​ការចូល​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ​។​

​កម្ពុជា​ស្វាគមន៍​តួនាទី​របស់​ហ្វីលីពីន ក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ក្នុងការ​សង្កេតការណ៍ និង​ការផ្ទៀងផ្ទាត់​ស្ថានភាព​ជាក់ស្តែង ការគាំទ្រ​ការអនុវត្ត​បទ​ឈប់​បាញ់ និង​ការកសាង​ទំនុកចិត្ត​រវាង​ភាគី​កម្ពុជា​-​ថៃ​។ សូម​គូសបញ្ជាក់​ផងដែរ​ថា ការចុះ​សង្កេតការណ៍ ការពិនិត្យ និង​ការផ្ទៀងផ្ទាត់​ដោយ​ផ្ទាល់​របស់​ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និង​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន នៅ​ជំរំ​ជនភៀសសឹក​ខាងលើ ក៏បាន​ផ្តល់​ឱកាស​ឱ្យ​គណៈប្រតិភូ​បានឃើញ​ដោយផ្ទាល់​នូវ​ផលប៉ះពាល់​មនុស្សធម៌​ដែល​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា​នៅតែ​បន្ត​ប្រឈម និង​មើលឃើញ​យ៉ាង​ច្បាស់​ពី​ភាពចាំបាច់​ជាដាច់ខាត​ក្នុង​ការចាប់ផ្តើម​កិច្ចការ​វាស់វែង​ខណ្ឌសីមា​ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា​-​ថៃ ឱ្យបាន​ឆាប់​បំផុត ស្រប​តាម​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់​ដូច​មានចែង​នៅក្នុង​ចំនុច​ទី​បួន​របស់​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្លូតត្រង់​របស់​កម្ពុជា​អាច​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​ដោយ​មិន​មាន​ការរារាំង ព្រមទាំង​ដោយ​សុវត្ថិភាព និង​កិត្តិយស ៕
​

Leave a Reply

Your email address will not be published. Required fields are marked *