ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រម្លឹក​មន្ត្រី​មាន​ទំនួល​ខុស​ត្រូវ​បង្ក្រាប​បារី​ក្លែងក្លាយ ខណៈ​ថ្ងៃនេះ ដុត​ចោល​ជាង​៨០០​តោន​!

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍​ជំរុញ​យ៉ាង​ម៉ឺងម៉ាត់​ដល់​មន្ត្រី និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​លើ​ការងារ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ការ​ចរាចរ​បារី​ក្លែងក្លាយ ដើម្បី​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ដុត​បំផ្លាញ​បារី​ក្លែង​ម៉ាក និង​សម្ភារ​ពាក់ព័ន្ធ​ទម្ងន់​ប្រមាណ ៨០០​តោន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​ភូមិសាស្ត្រ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​សង្កត់ធ្ងន់ថា ការផលិត​និង​ការ​ចែកចាយ​ផលិតផល​ក្លែងក្លាយ រួម​ទាំង​បារី គឺជា​បញ្ហា​ចម្បង​ដែល​កំពុង​រីក​សាយភាយ​ក្នុង​សហគមន៍ និង​ទីផ្សារ ដែល​ទាមទារ​ការយកចិត្តទុកដាក់​ខ្ពស់​ពី​អាជ្ញាធរ អាជីវករ អ្នក​ជក់ និង​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​។ ការ​ក្លែងបន្លំ​ម៉ាក ស្លាក​សញ្ញា និង​សំបក​វេច​ខ្ចប់ មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​ទិញ​យល់ច្រឡំ និង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ម្ចាស់​ម៉ាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​ទៀតផង​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​ដំណោះស្រាយ​ថា ការដោះស្រាយ​បញ្ហា​នេះ ត្រូវ​ពឹងផ្អែក​លើ​ការបញ្ជាក់​ពី​ម្ចាស់​ម៉ាក​ពិតប្រាកដ​និង​ការត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​ការកំណត់​ថា​ផលិតផល​ណាមួយ ដែល​ជា​បារី​ក្លែងក្លាយ ឬ​ពិតប្រាកដ​។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​បង្កើន​ទំនុកចិត្ត​ដល់​អាជីវករ អ្នក​ជក់ និង​ប្រជាពលរដ្ឋ តាមរយៈ​យន្តការ​សមស្រប និង​មិន​ត្រូវ​ផ្ទុយ​ពី​វិធានការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការការពា​រសុខ​ភាព​សាធារណៈ និង​បរិស្ថាន ដែល​ពាក់ព័ន្ធ​នឹង​ផលិតផល​ថ្នាំជក់​។​

​ពាក់ព័ន្ធ​នឹង​ការដុត​បំផ្លាញ​វត្ថុតាង នៅ​ថ្ងៃនេះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បញ្ជាក់ថា នេះ​ជា​វិធានការ​ចាត់ចែង​វត្ថុតាង​ជា​បណ្តោះអាសន្ន​ស្រប​តាម​នីតិវិធី​ច្បាប់ ក្រោម​ការសម្រេច​ពី​ស្ថាប័ន​អយ្យការ ដើម្បី​ទប់ស្កាត់​ដាច់ខាត​មិន​ឱ្យ​យក​បារី​ក្លែង​ម៉ាក​ទាំង​នោះ​ទៅ​ប្រើប្រាស់ លក់ ចែកចាយ ឬ​បង្វិល​ចូល​ទីផ្សារ​ឡើងវិញ​ឡើយ​។ ដោយឡែក ទិន្នន័យ និង​បរិមាណ​វត្ថុតាង​ទាំងអស់ ត្រូវបាន​កត់ត្រា​ក្នុង​សំណុំរឿង​យ៉ាង​ត្រឹមត្រូវ ដើម្បី​ទុកជា​មូលដ្ឋាន​ផ្លូវច្បាប់​សម្រាប់​ស្ថាប័ន​តុលាការ ក្នុង​ការបន្ត​នីតិវិធី​ចោទប្រកាន់ និង​ផ្តន្ទាទោស​ជនល្មើស​តាមច្បាប់​។​

​យោងតាម​របាយការណ៍ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សមត្ថកិច្ច បាន​រិបអូស​បារី​ក្លែង​ម៉ាក សំបក​កញ្ចប់ និង​សម្ភារ​ពាក់ព័ន្ធ រួមមាន​  បារី​ក្លែង​ម៉ាក ចំនួន ៣១​ប្រភេទ ដែល​ភាគច្រើន​ជា​បារី​ម៉ាក ESSE, JET, MEVIUS, Manchester និង​បារី​ពាក់​ម៉ាក​ក្លែង​របស់​ប្រទេស​ចិន ដែល​សុទ្ធសឹង​ជា​ទំនិញ​ពាក់​ម៉ាក​ល្បី និង​ពេញនិយម​។ ជាក់ស្តែង​សមត្ថកិច្ច​បាន​បង្ក្រាប សំបក​វេច​ខ្ចប់​ពាក់​ម៉ាក​ក្លែង និង​សម្ភារ​ពាក់ព័ន្ធ​នឹង​ការ​ផលិត​បារី​ក្លែង​ម៉ាក នៅ​ទីតាំង​រោងចក្រ ដែល​បាន​បំប្លែង​ការផលិត​បារី មក​ជា​បារី​ក្លែង​ម៉ាក និង​ឃ្លាំង​ស្តុក ស្ថិតនៅ​សង្កាត់​រការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ មាន​ទម្ងន់​សរុប​ប្រមាណ ៨០០​តោន​។​

​តាម​របាយការណ៍​ដដែល ការដុត​បំផ្លាញ​បារី​ក្លែង​ម៉ាក សំបក​កញ្ចប់ និង​សម្ភារ​ផលិត​ប្រមាណ ៨០០​តោន​នេះ គឺជា​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន តាមរយៈ​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​សម្ងាត់​ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​។ ប្រតិបត្តិការ​នេះ​ដឹកនាំ​សម្របសម្រួល​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ ដោយ​មាន​ការសហការ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​តំណាង​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​ផ្ទាល់​៕
​

 

Leave a Reply

Your email address will not be published. Required fields are marked *