ស្ថាបនិក​ក្រុមហ៊ុន G Adventures គូសបញ្ជាក់​ពី​ការប្ដេជ្ញា​ចិត្ត​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក Bruce Poon Tip ស្ថាបនិក​ក្រុមហ៊ុន G Adventures និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​ដែល​ក្រុមហ៊ុន G Adventures រៀបចំ​មហាសន្និបាត​ពិភពលោក​ឆ្នាំ​២០២៦ (GX Summit) នៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ស្ថាបនិក​ក្រុមហ៊ុន G Adventures បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានអនុញ្ញាត​ឱ្យ​មាន​ការ​រៀបចំ​មហាសន្និបាត​ពិភពលោក​ឆ្នាំ​២០២៦ (GX Summit) នេះ​ឡើង ដោយ​មាន​គណៈប្រតិភូ​ចូលរួម​សរុប​ប្រមាណ ៧០០​នាក់​។ ព្រឹត្តិការណ៍​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្ហាញ និង​ផ្សព្វផ្សាយ​អំពី​សក្ដានុពល​នៃ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ពិភពលោក​។ លោក​ក៏​បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ចក្ខុវិស័យ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយ​បាន​កត់សម្គាល់​ថា ចក្ខុវិស័យ​នេះ​ស្របគ្នា​ទៅ​នឹង​បេសកកម្ម​ចម្បង​របស់​ក្រុមហ៊ុន G Adventures ដែល​តែងតែ​ផ្ដោត​លើ​ការអភិវឌ្ឍ​ទេសចរណ៍​សហគមន៍ សំដៅ​លើកកម្ពស់​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ស្ថាបនិក​ក្រុមហ៊ុន ក៏​បាន​ជម្រាបជូន​សម្ដេច​ធិបតី ថា កម្ពុជា​មាន​សក្តានុពល​ទេសចរណ៍​វប្បធម៌​ដ៏​សម្បូរបែប ព្រមទាំង​មាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​ជាច្រើន ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​។ បន្ថែម​ពី​នេះ​, លោក Bruce Poon Tip បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន G Adventures ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដោយ​ផ្ដោត​លើ​ការ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាមរយៈ​កិច្ចសហការ​ជាមួយ​ភ្នាក់ងារ​ទេសចរណ៍​អន្តរជាតិ​, ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​បង្កើត​មាតិកា​ល្បីៗ ដើម្បី​បង្ហាញ​ពី​ភាពស្រស់ស្អាត និង​ភាព​ទាក់ទាញ​របស់​កម្ពុជា ព្រមទាំង​បង្ហាញ​ទៅកាន់​ពិភពលោក​ថា​កម្ពុជា គឺ​ជា​គោលដៅ​ប្រកបដោយ​សុវត្ថិភាព និង ភាពកក់ក្តៅ ជាមួយនឹង​ភាព​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន G Adventures ដែល​បាន​ជ្រើសរើស​កម្ពុជា ជា​ម្ចាស់ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​ដ៏​មាន​សារៈសំខាន់​នេះ និង​បាន​គូសបញ្ជាក់ថា វត្តមាន​របស់​គណៈប្រតិភូ​អន្តរជាតិ ជា​កត្តា​ដ៏​សំខាន់បំផុត ក្នុង​ការបង្ហាញ​ពី​ការ​ពិត​នៃ​សក្ដានុពល​ទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។ សម្តេច​ធិបតី ក៏​បាន​គូស​រំលេច​ពី​គោលនយោបាយ​អភិវឌ្ឍន៍​ទេសចរណ៍​របស់​រាជរដ្ឋាភិបាល ដែល​ផ្តល់​អាទិភាព​លើ​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍​។ ក្នុងនោះ​, សម្ដេច​ធិបតី​បាន​សង្កត់ធ្ងន់​លើ​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​ដល់​សហគមន៍​ទេសចរណ៍ តាមរយៈ​ការអភិវឌ្ឍ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​, ការពង្រឹង​សមត្ថភាព​សហគមន៍​មូលដ្ឋាន និង​ការលើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​វិស័យ​ឯកជន ដោយ​តម្កល់​ផលប្រយោជន៍​របស់​សហ​គ​មន៍​មូលដ្ឋាន​ជា​ស្នូល​។ ទន្ទឹមនឹងនេះ​, សម្ដេច​ធិបតី​ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដូចជា​ការរៀបចំ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ត​ភ្ជាប់​តំបន់​សំខាន់ៗ​របស់​កម្ពុជា ជាអាទិ៍ រាជធានី​ភ្នំពេញ​, ខេត្តសៀមរាប និង​តំបន់​ជុំវិញ ជាដើម​។ លើសពីនេះ​, សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​ពី​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្តល់​ទិដ្ឋាការ និង​ការសម្រួល​នីតិវិធី​អន្តោប្រវេសន៍ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​ភ្ញៀវ​ទេសចរ និង​អ្នកធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន G Adventures បន្ត​ធ្វើការ​ជាមួយ​ក្រសួង​ទេសចរណ៍​, ក្រុមប្រឹក្សាភិបាល​ទេសចរណ៍​កម្ពុជា (CTB) និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ជំរុញ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​នេះ​ឱ្យ​កាន់តែ​ជិតស្និទ្ធ ថែម​ទៀត សំដៅ​ធានាបាន​នូវ​ភាព​ធន់ និង​ចីរភាព​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​រយៈពេល​វែង​៕

​

Leave a Reply

Your email address will not be published. Required fields are marked *