ក្រុមហ៊ុន Huawei វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ល្អ​ប្រសើ​ររ​បស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​វិស័យ​បច្ចេកវិទ្យា​

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Wang Xu ប្រធាន​ក្រុមហ៊ុន Huawei ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ពហុ​ប្រទេស ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន​ប្រចាំ​តំបន់ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ជាពិសេស​ការដាក់ឱ្យ​ដំណើរការ​សេវា​ទូរ​សព្ទ​ចល័ត​ជំនាន់​ទី​៥ (5G) និង​ការកើនឡើង​នៃ​ការប្រើប្រាស់​ថាមពល​កកើតឡើង​វិញ​នៅ​កម្ពុជា​។ ទន្ទឹមនេះ​, លោក​ក៏​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​លើ​វិស័យ​បច្ចេកវិទ្យា​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​បាន​គោរព​រាយការណ៍​ជូន​សម្ដេច​ធិបតី អំពី​ការរួមចំណែក​របស់​ក្រុមហ៊ុន​ក្នុង​ការបណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​សម្រាប់​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (ICT) ដោយ​បាន​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ និង​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល (ToT) ដើម្បី​បន្ត​បណ្ដុះបណ្ដាល​ដល់​សិស្ស និង​និស្សិត​កម្ពុជា​។ បន្ថែម​លើ​នេះ​, លោក​ប្រធាន​ក្រុមហ៊ុន បាន​ចែករំលែក​បទពិសោធន៍​របស់​ក្រុមហ៊ុន​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា រួម​ទាំង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​តាមដាន និង​ស្វែងរក​ទីតាំង​ប្រតិបត្តិការ​របស់​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ ក៏​ដូចជា​ការអភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ព្រមទាំង​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការការពារ​ទិន្នន័យ​ឌីជីថល និង​ការកសាង​ធនធាន​មនុស្ស​លើ​វិស័យ​ឌីជីថល​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន​នា​ឱកាស​នេះ​។ សម្ដេច​ធិបតី បាន​យល់ស្រប​ជាមួយ​លោក​ប្រធាន​ក្រុមហ៊ុន​អំពី​សារៈសំខាន់​នៃ​ធនធានមនុស្ស​ឌីជីថល ព្រមទាំង​បាន​លើកឡើង​ពី​ហានិភ័យ​មួយចំនួន​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា AI ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ការយកចិត្តទុកដាក់​ខ្ពស់​។ ចំពោះ​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​, សម្ដេច​ធិបតី បាន​គូសបញ្ជាក់​អំពី​ភាពចាំបាច់​នៃ​ការពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​, លើ​ការប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាពបុរេ​សកម្ម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​, សម្តេច​ធិបតី ក៏​បាន​គូស​រំលេច​ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​នេះ​, ការធានា​សុវត្ថិភាព​ក្នុង​ការប្រើប្រាស់ AI, ការពង្រឹង​សន្តិសុខ​សាយ​ប័រ និង​ការការពារ​អធិបតេយ្យភាព​ទិន្នន័យ (Data Sovereignty) ព្រមទាំង​ការជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា​ជាដើម​។​

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី បាន​លើកទឹកចិត្ត​ឱ្យ​លោក​ប្រធាន​ក្រុមហ៊ុន បន្ត​ពិភាក្សា និង​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ជាពិសេស ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​៕

​

Leave a Reply

Your email address will not be published. Required fields are marked *