ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា រំលេច​ពី​ការប្ដេជ្ញា​ចិត្ត​ជំរុញ​កំណើន​ស្ត្រី​ក្នុង​មុខតំណែង ទាំង​នៅ​ថ្នាក់​ក្រសួង និង​រដ្ឋបាល​ដែនដី​ថ្នាក់ក្រោម​ជាតិ​

ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី លើក​ទី​៤ ឆ្នាំ​២០២៥-២០៣០» នា​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៦ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​មានប្រសាសន៍ថា នៅក្នុង​នីតិកាល​ទី​៧​នេះ ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​យកចិត្តទុកដាក់​ជំរុញ​កំណើន​ស្ត្រី​ក្នុង​មុខតំណែង ទាំង​នៅ​ថ្នាក់​ក្រសួង និង​រដ្ឋបាល​ដែនដី​ថ្នាក់ក្រោម​ជាតិ​។​

​ពី​វេទិកា​អធិបតី នៅ​សណ្ឋាគារ​សាន់​អែន​មូន រាជធានី​ភ្នំពេញ​ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ប្រមុខ​ក្រសួងមហាផ្ទៃ បាន​រំលេច​វឌ្ឍនភាព​នៃ​កំណើន​និង​ការបន្ត​ពង្រឹង​តួនាទី​យ៉ាង​សកម្ម​របស់​ស្ត្រី​ក្នុង​មុខតំណែង តាម​ក្រសួង​ស្ថាប័ន​នានា ជាពិសេស​គឺ​ភាព​រីកចម្រើន​មួយ​ក្នុង​វិស័យ​មហាផ្ទៃ​ផ្ទាល់ ដែល​បាន​កំពុង​យកចិត្តទុកដាក់​ធ្វើឱ្យ​សម្រេច​បាន​ផែនការ​រៀបចំ​ស្ត្រី ឱ្យ​ទទួលបាន​មុខតំណែង​ដឹកនាំ​និង​ថ្នាក់​ដឹង​នាំ យ៉ាងហោចណាស់ មាន​ស្ត្រី​ម្នាក់​កាន់​មុខតំណែង​រង ឬ​អនុប្រធាន គ្រប់​អង្គភាព​ចំណុះ​តាម​ឋានានុក្រម​។​

​បើ​តាម​ប្រមុខ​ក្រសួងមហាផ្ទៃ វត្ត​មាន​ស្ត្រី​ក្នុង​មុខតំណែង​នេះ​ហើយ​ដែល​ជា​ផ្នែក​មួយ​សំខាន់​មិន​អាច​ខ្វះ​បាន សម្រាប់​ការឈាន​ទៅ​ពង្រឹង​ឱ្យ​បាន​បេសកកម្ម ការទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ​។ ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត បាន​អំពាវនាវ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្តល់​ឱកាស តួនាទី និង​ការវាយតម្លៃ​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​សមត្ថភាព​ស្ត្រី ព្រមទាំង​ការបង្កើត​លក្ខខណ្ឌ​អំណោយផល​នានា ដើម្បី​ជំរុញ​ទឹកចិត្ត​ឱ្យ​ពួកគាត់ កាន់តែ​មាន​ទំនុកចិត្ត​ក្នុងការ​បម្រើ​ការងារ និង​ចូលរួម​កសាង​អភិវឌ្ឍន៍​សង្គម​ជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ បន្ត​បង្កើន​ការផ្សព្វផ្សាយ​អប់រំ និង​ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​ក៏បាន​ក្រើនរំលឹក​ឱ្យ​យកចិត្តទុកដាក់​ទប់ស្កាត់ និង​បង្ការ​ឱ្យបាន​ហ្មត់ចត់​ចំពោះ​រាល់​ឧបាយកល​អូសទាញ ឬ​បោក​បញ្ឆោត​ផ្សេងៗ ដូចជា​៖ ការ​បោក​បញ្ឆោត​រៀបកា​រ ឬ​ការសន្យា​ផ្តល់​ការងារ​ធ្វើ​ដែល​មាន​ប្រាក់កម្រៃ​ខ្ពស់​ខុស​ពី​ធម្មតា ដែល​ជា​ល្បិចកល​នាំ​ឱ្យ​ស្ត្រី​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការជួញដូរ​មនុស្ស និង​ការបញ្ជូន​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុសច្បាប់​។​

​យោង​តាម​លោកជំទាវ​កិត្តិ​បណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី លើក​ទី​៤ ឆ្នាំ​២០២៥-២០៣០» ក្រោម​អធិបតីភាព​ប្រមុខ​ក្រសួងមហាផ្ទៃ នា​ឱកាស​នេះ មាន​គោលបំណង​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ជូន​ដៃគូ​ពាក់ព័ន្ធ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​វ​ប្បធម៌​អហិង្សា និង​ភាពសុខដុមរមនា​ក្នុង​សង្គម​ជាតិ តាមរយៈ​ការបង្ការ​ទប់ស្កាត់ និង​ធ្វើ​កិច្ច​អន្តរាគមន៍​លើ​ករណី​អំពើហិង្សា​លើ​ស្ត្រី​និង​ក្មេង​ស្រី ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ទាន់​ពេលវេលា​។​

​លោកជំទាវ បានបញ្ជាក់​ថា ផែនការ​សកម្មភាព​ជាតិ​លើក​ទី​៤ បាន​ផ្តល់​អភិក្រម​និង​មូលដ្ឋាន​ច្បាស់លាស់​ដើម្បី​បង្កើន​កិច្ច​អន្តរាគមន៍​បង្ការ ទប់ស្កាត់ បង្កើន​ការឆ្លើយតប បង្កើន​ការទទួលបាន​សេវា​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព នៃ​ការសម្របសម្រួល​ពហុ​វិស័យ ដោយ​ក្នុង​នោះ យុទ្ធសាស្ត្រ​ចំនួន​៤ រួមមាន​៖ ទី​១. ការបង្ការ ទប់ស្កាត់ ទី​២. កិច្ច​ការពារ​ផ្លូវ​ច្បាប់ និង​សេវា​ពហុ​វិស័យ ទី​៣. ការបង្កើត​និង​ការអនុវត្ត​ច្បាប់​និង​គោលនយោបាយ និង​ទី​៤. ការតាមដាន​ត្រួតពិនិត្យ និង​ការវាយតម្លៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *