​កម្ពុជា​-​ចិន វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហ​ប្រតិ​ប​ការ​លើ​វិស័យ​សន្ដិសុខ​

​ភ្នំពេញ ៖ នា​រសៀល ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Yang Weilin អនុ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណៈប្រតិភូ ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​សន្និសីទ​អន្តរជាតិ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ចាប់ពី​ថ្ងៃ​ទី​២២-២៥ ខែ​កញ្ញា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ។ ឯកឧត្តម ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ចំពោះ សម្ដេច​ធិបតី​។ ជាមួយគ្នានេះ​, ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ដែល​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន ត្រូវបាន​លើកកម្ពស់​កាន់តែ​ប្រសើរឡើង ថែម​ទៀត​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី បាន​គូស​រំលេច​អំពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ តាមរយៈ​ការជំរុញ​ការកសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល និង​ការដំឡើង​កម្រិត​កិច្ចសន្ទនា​ពី ២+២ ទៅ ៣+៣ ដោយ​បន្ថែម​ក្រសួងមហាផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ឯកឧត្តម​ក៏​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត ជាពិសេស​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន និង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ដែល​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អនុ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​។ សម្ដេច​ធិបតី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន​ដែល​តែងតែ​បាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា ព្រមទាំង​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​កន្លង​មក​រវាង​កម្ពុ​ជា និង​ចិន ដែល​ក្នុងនោះ រួមមាន​ទាំង​កិច្ចសហប្រតិបត្តិការ​លើ​ការពង្រឹង​សន្ដិសុខ​, ការចែករំលែក​ព័ត៌មាន និង​ការពង្រឹង​ការកសាង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​។ ចំពោះ​ការបង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​, សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត្ត​របស់​រាជរ​ដ្ឋា​ភិបាល​ក្នុងការ​បោសសម្អាត​ឱ្យអស់​ពី​ទឹកដី​កម្ពុជា​។ សម្ដេច​ធិបតី​បាន​បន្ថែមថា ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ កម្ពុជា​មិន​អាច​អនុវត្ត​តែ​ម្នាក់ឯង​បាន​ទេ ពោល​គឺ​ទាមទារ​នូវ​កិច្ចសហប្រតិបត្តិការ​ពី​បណ្តា​ប្រទេស​ជា​ដៃគូ និង​អ្នកពាក់ព័ន្ធ​នានា​។ ក្រៅពីនេះ​, សម្ដេច​ធិបតី​ក៏បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ កម្ពុជា​-​ចិន ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍ និង​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស ការទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត ដោយ​សម្ដេច​បាន​គូសបញ្ជាក់ថា កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព​, ភាពកក់ក្តៅ និង​ពោរពេញ​ដោយ​ការស្វាគមន៍​រាក់ទាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *