ឯកអគ្គរដ្ឋទូត​ថ្មី​នូវែ​លសេ​ឡង់ ប្ដេជ្ញា​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​នូវែ​លសេ​ឡង់ និង​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​

ភ្នំពេញ ៖ ​នា​ព្រឹក ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃ​ប្រទេស​នូវែល​សេឡ​ង់​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកជំទាវ​បាន​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​នូវែល​សេឡ​ង់​ប្រចាំ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នូវែ​លសេ​ឡង់​-​កម្ពុជា​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា នូវែ​លសេ​ឡង់ និង​កម្ពុជា គឺជា​ប្រទេស​ជា​មិត្ត និង​ជា​ដៃគូរ​ដ៏​យូរលង់ ហើយ​នូវែល​សេឡ​ង់​មាន​មោទនភាព​ចំពោះ​ការចូលរួម​ចំណែក​គាំទ្រ​ដល់​ដំណើរការ​ស្ដារ​, កសាង និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា នា​ពេលកន្លងមក​។ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​គូស​រំលេច​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អ លើ​វិស័យ​សំខាន់ៗ រួមមាន​៖ ការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​, ការគ្រប់គ្រង​ធនធាន​ទឹក​, ការប្រែប្រួល​អាកាសធាតុ​, បរិស្ថាន​, កសិកម្ម​, ការលើកកម្ពស់​ស្ត្រី និង​យុវជន​, និង​ការផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​នូវែ​លសេ​ឡង់​។ បន្ថែម​ពី​នេះ​, លោកជំទាវ​បាន​ទទួលស្គាល់​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​នៅក្នុង​តំបន់ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​គាំទ្រ​ទៅដល់​ការដំឡើង​កម្រិត​ទំនាក់ទំនង នូវែ​លសេ​ឡង់​-​អាស៊ាន ទៅជា «​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​»​។ លោកជំទាវ​បាន​សង្កត់ធ្ងន់ថា ក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ​, លោកជំទាវ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ នូវែ​លសេ​ឡង់​-​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់​។

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​លោក​ជំទាវ ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​នូវែ​លសេ​ឡង់ ប្រចាំ​កម្ពុជា និង បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់​លោកជំទាវ​, ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​បន្ត​ពូន​ជ្រំ​ឱ្យ​កាន់តែ​រីកចម្រើន និង រឹងមាំ​បន្ថែម​ទៀត​។ ជាមួយនឹង​ការពេញចិត្ត​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​, សម្ដេច​ធិបតី បាន​គូសបញ្ជាក់ថា ប្រទេស​ទាំង​ពីរ​នៅ​មាន​សក្តានុពល​ជាច្រើន​ទៀត​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ​។ សម្ដេច​ធិបតី​ក៏​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ការរួមចំណែក​របស់​ប្រទេស​នូវែ​លសេ​ឡង់ ក្នុងការ​ដំណើរការ​ស្ដារ​, កសាង និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​, ការ​បន្ត​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​នូវែ​លសេ​ឡង់ និង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ក៏ដូចជា​កងកម្លាំង​រក្សាសន្តិភាព​សម្រាប់​បេសកកម្ម​មនុស្ស​ធម៌ និង​រក្សា​សន្តិភាព​អន្តរជាតិ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ជាដើម​។

​សម្ដេច​ធិបតី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត​ក៏​បាន​បន្ត​ពិភាក្សា និង​ផ្លាស់ប្ដូរ​យោបល់​គ្នា​នៅ​ក្នុង​ការស្វែងរក​កាលានុវត្តភាព​ថ្មីៗ​បន្ថែមទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រីកចម្រើន​លើ​វិស័យ​សំខាន់ៗ ប្រកបដោយ​សក្តានុពល រួមមាន​៖ សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, ការផ្ទេរ​បច្ចេកវិទ្យា​ថ្មី​, ថាមពល​កកើត​ឡើងវិញ​, ទេសចរណ៍​, ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​ជំនាញ​វិជ្ជាជីវៈ​, ក៏ដូចជា​ការតភ្ជាប់​ប្រជាជន និង​ប្រជាជន​។

​មុន​នឹង​បញ្ចប់ សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​លោកជំទាវ​ឯកអគ្គរដ្ឋទូត​បន្ត​កិច្ចសហការ និង​ភ្ជាប់​ទំនាក់ទំនង​ឱ្យបាន​កាន់តែ​ជិតស្និទ្ធ ជាមួយ​ក្រសួង​ស្ថាប័ន​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ​បន្ថែមទៀត​៕

​

Leave a Reply

Your email address will not be published. Required fields are marked *