កម្ពុជា​-​អា​ស៊ែ​បៃ​ហ្ស​ង់ ប្ដេជ្ញា​បន្ត​ពូន​ជ្រំ និង​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​

​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​ចូលរួម​កិច្ចប្រជុំ​កំពូល នៃ​សន្និសីទ​ស្តី​ពី​អន្តរស​កម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) លើក​ទី​៧ នៅ​រដ្ឋធានី​បា​គូ នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ពី​ថ្ងៃ​ទី​១១ ដល់ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៦​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​ធិបតី ក្នុងឱកាស​នៃ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​សម្ដេច​ធិបតី ដែល​បាន​ទទួល​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល CICA លើក​ទី​៧ នាពេលនេះ ក៏ដូចជា​ការផ្ដល់​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​បេសកកម្ម​របស់ CICA នា​ពេលកន្លងមក​។ ឯកឧត្តម​ប្រធានាធិបតី​បាន​បន្ថែមថា វត្តមាន​របស់​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ចប្រជុំ​កំពូល​នេះ ក៏ដូចជា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ នា​ពេលកន្លងមក​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី​បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍ និង​ការ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​អា​ស៊ែ​បៃ​ហ្ស​ង់ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នា​ឱកាស​នេះ ព្រមទាំង​បាន​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​នេះ នឹង​ជំរុញ​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​បន្ថែមទៀត​។ សម្តេច​ធិបតី​បាន​គូស​រំលេច​អំពី​ការកសាង​នូវ​មូលដ្ឋាន​គ្រឹះ​ដ៏​រឹងមាំ​នៃ​ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ របស់​សម្តេច​តេជោ អតីត​នាយករដ្ឋមន្ត្រី កាលពី​ឆ្នាំ ២០១៤​។ សម្ដេច​ធិបតី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង មាន​ជំនឿ​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នឹង​បន្ត​ទទួលបាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។​

​ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​បង្ហាញ​អំពី​ការប្ដេជ្ញា​បន្ត​ពូន​ជ្រំ និង​ជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​។

​សម្ដេច​ធិបតី និង​ឯកឧត្តម​ប្រធានាធិបតី ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ស៊ីជម្រៅ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សំខាន់ៗ​ជាអាទិ៍​៖ វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, នយោបាយ និង​ការទូត​, សន្តិសុខ និង​ការពារ​ជាតិ​, អប់រំ​, ទេសចរណ៍ និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​។ ជាមួយគ្នានេះ​, ថ្នាក់ដឹកនាំ​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​ការ​បោសសម្អាត​មីន និង​អំពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឌីជីថល​។

​បន្ទាប់​ពី​កិច្ចពិភាក្សា​ទ្វេភាគី​, សម្ដេច​ធិបតី និង​ឯកឧត្តម Ilham Aliyev ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ ក៏​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្តូរ​ឯកសារ ចំនួន​៣ ដែល​រួមមាន​៖

១-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម និង​សេដ្ឋកិច្ច រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។​

២-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យ​ក្រសួង​ការបរទេស​នៃ សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​។​

៣-​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល និង​ការបង្កា​រការ​គេចវេស​ពន្ធ​និង​ការចៀសវាង​ពន្ធ​៕

​

 

Leave a Reply

Your email address will not be published. Required fields are marked *