រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​

នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២៦, នៅ​វិមាន​សន្ដិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Gordan Grlić-Radman រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការទទួល​ស្វាគមន៍ និង​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​របស់​កម្ពុជា ជូន​ចំពោះ ឯកឧត្តម និង​គណៈប្រតិភូ​។ ឯកឧត្តម​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដែល​ស្ដែង​ចេញ​តាមរយៈ​ការឈាន​ទៅ​សម្រេចបាន​នូវ​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី ការលើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត​កម្ពុជា និង​បណ្ឌិត្យសភា​ការទូត​ក្រូ​អាស៊ី​។ បន្ថែម​លើ​នេះ​, ឯកឧត្តម​បាន​លើកឡើង​ពី​កាលានុវត្តភាព​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ប្រជាជន​ទាំង​ពីរ ក៏ដូចជា​ការពង្រឹង​ការតភ្ជាប់​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​។

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ជា​ប្រវត្តិសាស្ត្រ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្ដេច​ធិបតី​បាន​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី កន្លងមក ព្រមទាំង​គូសបញ្ជាក់​ពី​កាលានុវត្តភាព​នៃ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត ជាពិសេស​លើ វិស័យ​ពាណិជ្ជកម្ម​, ការវិនិយោគ និង​ទេសចរណ៍​។ ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​, សម្ដេច​ធិបតី​បាន​អបអរសាទរ​ក្រូ​អាស៊ី ចំពោះ​ការបំពេញ​កាតព្វកិច្ច​នៃ​អនុសញ្ញា​អូ​តា​វ៉ា​យ៉ាង​ជោគជ័យ ព្រមទាំង​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ផ្ដោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​កិច្ចការ​នេះ​។ សម្ដេច​ធិបតី​បាន​បន្ថែមទៀតថា កម្ពុជា​ជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ហើយ​បាន​យល់ច្បាស់​ពី​ផលវិបាក​ដ៏​អាក្រក់ ដែល​បង្កឡើង​ដោយសារ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​។ ក្នុងន័យនេះ​, សម្ដេច​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​ការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ រវាង​ប្រទេស​ទាំង​ពីរ និង​ស្វាគមន៍​ចំពោះ​ការគាំទ្រ​របស់​ក្រូ​អាស៊ី តាមរយៈ​ការផ្ដល់​បច្ចេកវិទ្យា​, ការចែករំលែក​បទពិសោធ​ន៍ និង​ជំនាញ ដើម្បី​ឱ្យ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

​សម្តេច​ធិបតី និង​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពិភាក្សា និង​ឯកភាព​គ្នា​ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យ​សក្តានុពល​សំខាន់ៗ​រួមមាន​៖ នយោបាយ និង​ការទូត​, ពាណិជ្ជកម្ម និង​ការវិនិយោគ​, ទេសចរណ៍​, ថាមពល​ស្អាត​, និង​វិស័យ​សន្តិសុខ ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *