សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នា​រសៀល​ថ្ងៃ​អង្គារ ៩​កើត ខែ​អស្សុជ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​. ២៥៧០ ត្រូវ​នឹង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម​បណ្ឌិត ហ្គ័​រដាន់ ហ្កឺ​លីច រ៉ា​ដ​ម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ចូលជួប​សម្តែង​ការគួរសម​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការស្វាគមន៍​ចំពោះ ឯកឧត្តម Gordan Grlić Radman ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​នា​ឱកាស​នេះ​។ សម្ដេច​តេជោ​បានចាត់ទុ​ក​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នៅ​ពេល​នេះ នឹង​ក្លាយទៅជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ក្រូ​អាស៊ី​ឲ្យ​កាន់តែ​រីកចម្រើន​។

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម Gordan Grlić Radman បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឲ្យឯ​ក​ឧត្តម និង​គណៈប្រតិភូ​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​លើកឡើង​ថា សម្ដេច​តេជោ គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​ក្នុង​ការកសាង​សន្តិភាព​នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​ការជំរុញនូ​វសន្តិភាព​នៅក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។ ឯកឧត្តម​ក៏បាន​លើកឡើង​ថា កម្ពុជា​គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​របស់​ក្រូ​អាស៊ី ហើយ​កម្ពុជា​បាន​ដើរតួនាទី​យ៉ាង​សកម្ម​នៅក្នុង​តំបន់​អាស៊ាន បន្ថែម​ពីលើ​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រាយការណ៍​ជូន​សម្ដេច​តេជោ​អំពី​ជំនួប​របស់​ឯកឧត្ត​ម​ជា​មួយ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ជំនួប​ជាមួយនឹង​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​ផ្លែផ្កា​ដែល​ប្រទេស​ទាំង​ពីរ​បាន​រួមគ្នា​នៅក្នុង​ការពង្រីក​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ក្រូ​អាស៊ី​ឲ្យ​កាន់តែ​រីកចម្រើន ហើយ​ជាពិសេស​ក៏​បាន​ចុះហត្ថលេខា​ចំនួន​២ នៅពេល​ដែល​បាន​ជួប​ជាមួយ​នឹង ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ពង្រឹង​ទៅលើ​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច​រួម​ទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​គឺ​ការបណ្ដុះបណ្ដាល​អ្នកការ​ទូត​តែម្ដង​។​

​សម្ដេច​តេជោ​បានសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​កា​រ​លើកឡើង​របស់​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេ​ស និង​កិច្ចការ​អឺរ៉ុប​នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី​ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ក្រូ​អាស៊ី ហើយ​សម្ដេច​ក៏​គាំទ្រ​ចំពោះ​ការចុះហត្ថលេខា ក្នុង​ការពង្រឹង​នូវ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ក្រូ​អាស៊ី ឲ្យ​កាន់តែ​រីកចម្រើន ពោល​គឺ​ផ្ដោត​ទៅលើ​ការពង្រឹង​នូវ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ រវាង​ប្រទេស​ទាំង​ពីរ រួមទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​ការទូត​។​

​សម្ដេច​តេជោក៏បាន​លើក​ឡើង​បន្ថែមទៀត ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​គ្នា​បន្ថែមទៀត ហើយ​អាច​នឹង​មាន​ការពិចារណា​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​នៅពេល​ខាងមុខ ពាក់ព័ន្ធ​ទៅនឹង​កិច្ចព្រមព្រៀង​គាំពារ​អ្នកវិនិយោគ រួម​ទាំង​កិច្ចព្រមព្រៀង​ការមិន​យកពន្ធ​ត្រួតស៊ីគ្នា​ជាដើម​។ សម្ដេច​តេជោជំ​រុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គួរ​ពិចារណា​នៅពេល​ខាងមុខ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​មានភាព​រីកចម្រើន​នៅក្នុង​ទំនាក់ទំនង​គ្រប់​វិស័យ​។​

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរឲ្យ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេ​ស​និង​កិច្ចការ​អឺរ៉ុប នៃ​សាធារណរដ្ឋ​ក្រូ​អាស៊ី ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​ការបំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​៕

​

Leave a Reply

Your email address will not be published. Required fields are marked *