កម្ពុជា​-​ហ្វីលីពីន ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព និង​កងទ័ព​ឱ្យ​កាន់តែ​ស៊ីជម្រៅ

នា​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៦, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការ​កងទ័ព​ហ្វីលីពីន និង​គណៈប្រតិភូ ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ នាយសេនាធិការ​កងទ័ព​ហ្វីលីពីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្ដេច​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​ឯកឧត្តម និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​រំលឹក​ឡើងវិញ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​។ ជាមួយនឹង​ការសម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​, ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ហ្វីលីពីន ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា ជាពិសេស​រវាង​កងទ័ព​ជើង​ទឹក និង​កងទ័ពអាកាស ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​ជា​ការឆ្លើយតប​, សម្ដេច​ធិបតី បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា​នាយសេនាធិការ​កងទ័ព​ហ្វីលីពីន នា​ពេល​ថ្មីៗ​នេះ​។ សម្ដេច​ធិបតី ក៏​បាន​បង្ហាញ​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ នៃ​ប្រទេស​ទាំង​ពីរ​, ជាពិសេស កិច្ចសហប្រតិបត្តិការ​ក្នុង​ការចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធ តាមរយៈ​ការបណ្ដុះបណ្ដាល និង​ការកសាង​សមត្ថភាព​រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​។ សម្ដេច​ធិបតី បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ព្រមទាំង​ឈានទៅ​សម្រេចបាន​នូវ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ពជើងទឹក និង​កងទ័ពអាកាស នាពេលខាងមុខ និង​ខិតខំ​ប្រែក្លាយ​កិច្ចព្រមព្រៀង​ទាំងនេះ ឱ្យ​ក្លាយ​ជា​សកម្មភាព និង​លទ្ធផល ជាក់ស្ដែង​។ បន្ថែម​លើ​នេះ​, សម្ដេច​ធិបតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) និង​ជឿជាក់​ថា ក្រោម​ការដឹកនាំ​របស់​ហ្វីលីពីន​, ក្រុម AOT នឹង​បន្ត​ចូលរួមចំណែក​យ៉ាង​សកម្ម​ថែម​ទៀត​ក្នុង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ព្រំដែន កម្ពុជា​-​ថៃ ដោយ​សន្តិវិធី​។ សម្ដេច​ធិបតី​ក៏​បាន​បញ្ជាក់ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ និង​គណៈប្រតិភូ នូវ​ការវិវត្ត​ថ្មីៗ នៃ​សភាពការណ៍​ព្រំដែន កម្ពុជា​-​ថៃ និង​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី​, អនុសញ្ញា និង​សន្ធិសញ្ញា​ដែល​មាន​ស្រាប់ ព្រម​ទាំង​ច្បាប់​អន្តរជាតិ​។ កម្ពុជា​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការគោរព​នូវ​កិច្ចព្រមព្រៀង​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឯកភាពគ្នា នា​ពេលកន្លងមក​។

​មុន​នឹង​បញ្ចប់​, សម្ដេច​ធិបតី និង​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បាន​ពិភាក្សា និង​ផ្លាស់ប្ដូរ​ទស្សនៈ​អំពី​ការ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​រវាង​កងទ័ព​និង​កងទ័ព ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​បទល្មើស​ឆ្លងដែន ដូច​ជា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​, ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ការវាយប្រហារ​តាម​ប្រព័ន្ធ​សាយ​ប័រជា​ដើម សំដៅ​រួមចំណែក​ដល់​ការថែរក្សា​សន្តិភាព​, ស្ថិរភាព និង​វិបុលភាព ក្នុង​តំបន់ និង​សកលលោក​៕

 

Leave a Reply

Your email address will not be published. Required fields are marked *