កម្ពុជា សម្របសម្រួល​ជូន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការ​កងទ័ព​ហ្វីលីពីន និង​គណៈប្រតិភូ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិតក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​

នៅ​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២៦ វេលា​ម៉ោង ១០:៥៥​នាទី​ព្រឹក ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការ​កងទ័ព​ហ្វីលីពីន និង​គណៈប្រតិភូ​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ច្រក​បឹង​ត្រកួន ស្ថិតក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​បទ​បង្ហាញ​សង្ខេប​ជូន​គណៈប្រតិភូ​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​កម្ពុជា​–​ថៃ ក្នុង​ភូមិសាស្ត្រ​ច្រក​បឹង​ត្រកួន​។ បទ​បង្ហាញ​នេះ​បាន​បញ្ជាក់​ពី​ការ​ប្រកាន់ខ្ជាប់​របស់​កម្ពុជា​ក្នុង​ការគោរព និង​អនុវត្ត​បទ​ឈប់​បាញ់ ព្រមទាំង​សេចក្តីប្រកាស​រួម​យ៉ាង​ម៉ឺងម៉ាត់ ប្រកប​ដោយ​ភាពស្មោះត្រង់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ទន្ទឹមនឹងនេះ ការធ្វើ​បទ​បង្ហាញ​នេះ​ក៏​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម និង​ក្តីបារម្ភ​មួយចំនួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ជាច្រើន​ដែល​បាន​នឹង​កំពុង​បន្ត​កើត​ឡើង មិន​ស្រប​ទៅតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​កម្ពុជា​និង​ថៃ និង​ច្បាប់​អន្តរជាតិ​។ សកម្មភាព​ទាំងអស់​នេះ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការកើនឡើង​នូវ​ភាព​តានតឹង​ដោយ​មិន​ចាំបាច់ និង​ផលប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​ទំនុកចិត្ត ក៏ដូចជា​ការជឿជាក់រ​វា​ង​ប្រទេស​ទាំង​ពីរ​។​

​ការអញ្ជើញ​ចុះ​មក​កាន់​ទីតាំង​ដោយ​ផ្ទាល់​របស់​សេនាធិការ​កងទ័ព​ហ្វីលីពីន និង​គណៈប្រតិភូ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការគាំទ្រ​របស់​ហ្វីលីពីន​ក្នុងនាម​ប្រធាន​ប្តូរ​វេន ក៏ដូចជា​សមាជិក​អាស៊ាន ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រក្សា​បទ​ឈប់​បាញ់​របស់​កម្ពុជា និង​ការបំពេញ​ការងារ​របស់​ក្រុម​អ្នកសង្កេតការណ៍​អាស៊ា​ន (AOT) ជាពិសេស​ការសម្រេចបាន​នូវ​ដំណោះស្រាយ​មួយ​ដោយ​សន្តិវិធី យុត្តិធម៌ និង​យូរអង្វែង ស្របតាម​ច្បាប់​អន្តរជាតិ ក៏ដូចជា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។​

​រាជរដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ​កម្ពុ​ជា​តែងតែ​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើ​ក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន​៕

Leave a Reply

Your email address will not be published. Required fields are marked *