សម្ដេច​ធិបតី​៖ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ជា «​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​»

សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០» នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ រាជធានី​ភ្នំពេញ ។​

​មាន​ប្រសា​ន៍​ទៅ​កាន់​អង្គពិធី​, សម្ដេច​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (​ឬ​ហៅ​កាត់​ថា MSMEs) ជា «​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​» និង​ជា​ដៃគូ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្កើត​ការងារ​, បង្កើន​ចំណូល​គ្រួសារ​, ជំរុញ​ផលិតកម្ម​ក្នុងស្រុក និង​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ចជាតិ​។ យោង​តាម​ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០២២ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួង​ផែនការ​, កម្ពុជា​មាន​អង្គភាព​សេដ្ឋកិច្ច ដែល​យើង​អាច​ចាត់ទុកថា​ជា MSMEs សរុប​ចំនួន ៧៥ ម៉ឺន ដែល​ប្រើប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ ៣ លាន​នាក់ ក្នុងនោះ​ស្ត្រី​មាន​ប្រមាណ ១,៨ លាន​នាក់​។ លទ្ធផល​ជំរឿន​នេះ បានបង្ហាញ​ថា MSMEs បាន​រួមចំណែក​ប្រមាណ ៦៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្ដល់​ការងារ​លើសពី ៧០% (​ដោយ​មិន​រាប់បញ្ចូល​វិស័យ​កសិកម្ម​)​។​

​សម្ដេច​ធិបតី​បាន​បន្ថែមទៀតថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ និង​ដាក់​ចេញ​នូវ​លិខិត​បទដ្ឋាន​គតិ​យុត្ត និង​វិធានការ​បន្ទាន់​មួយចំនួន​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​ ​ក្នុងនោះ​រួមមាន​៖ ការបង្កើត​អង្គភាព​សម្រប MSMEs ដែល​នឹង​ដើរតួ​ជា​មជ្ឈមណ្ឌល​សេវា​ច្រកចេញចូល​តែមួយ សម្រាប់​ការចុះបញ្ជី និង​ការស្នើសុំ​អាជ្ញា​បណ្ណ​, ការគ្រោង​ដាក់ឱ្យអនុវត្ត​គម្រោង​សាកល្បង​នៃ​ការស្នើ​សុំ​ចុះបញ្ជី និង​ការផ្តល់​អាជ្ញា​បណ្ណ និង​លិខិតអនុញ្ញាត​ពាក់ព័ន្ធ​ផ្សេងៗ ជា​កញ្ចប់ តាមរយៈ​ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​ជា​អតិបរមា តាម​ថ្នាល CamDX, និង ការរៀបចំ​សេចក្ដីព្រាង «​អនុក្រឹត្យ​សំខាន់​ចំនួន​ពីរ​» បន្ថែមទៀត គឺ​៖ «​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​វដ្ត​អាជីវកម្ម​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​» ដែល​កំណត់​អំពី​បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​វដ្ត​អាជីវកម្ម ដោយ​គិត​ចាប់ពី​ការចាប់ផ្តើម​, ការ​ធ្វើ​ប្រតិបត្តិការ និង​ការបិទ​អាជីវកម្ម និង​មាន​បញ្ចូល​នីតិវិធី​នៃ​ការ​ចាត់ថ្នាក់ (Classification) សហគ្រាស ជា​សហគ្រាស​ធុន​តូច និង​មធ្យម និង «​អនុក្រឹត្យ​ទី​២ ស្តី​ពី​ការលើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​» ដែល​ផ្តល់​ការលើកទឹកចិត្ត ទាំង​ផ្នែក​សារពើពន្ធ និង​ទាំង​ផ្នែក​មិនមែន​សារពើពន្ធ ។ ទន្ទឹមនឹងនោះ​, សម្តេច​ធិបតី​ក៏​បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព និង​មន្ត្រី​ជា​អ្នក​ផ្តល់​សេវា​សាធារណៈ​ទាំងអស់​ឱ្យ​ផ្លាស់ប្តូរ​ផ្នត់គំនិត និង​អភិក្រម​នៃ​ការផ្តល់​សេវា​សាធារណៈ ដោយ​ត្រូវ​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី «​ជួយ​គាំទ្រ​ដល់​សហគ្រាស​» ជាជាង​ដើម្បី​តែ​ចាប់កំហុស​, ដាក់​ទោសទណ្ឌ និង​ផាកពិន័យ​។​

​សម្ដេច​ធិបតី បាន​មានប្រសាសន៍​បន្ត​ថា ជោគជ័យ​នៃ «​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សហគ្រាស​ធុន មីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០» មិន​អាច​សម្រេចបាន​ដោយ​ស្ថាប័ន​ណាមួយ ឬ​ជា​ជោគជ័យ​របស់​ស្ថាប័ន​ណាមួយ​ដោយ​ឡែក​នោះទេ ប៉ុន្តែ​ជា​សមិទ្ធផល​របស់​ជាតិ​យើង​ទាំងមូល​។ នៅពេលដែល MSMEs យើង​រឹងមាំ​, សេដ្ឋកិច្ច​ជាតិ​យើង​ក៏​រឹងមាំ និង​មាន​ភាព​ធន់ ហើយ​ប្រជាជន​យើង​មាន​ការងារ​ធ្វើ​, មាន​ចំណូល​សមរម្យ និង​រស់នៅ​ប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ឆ្ពោះ​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ រដ្ឋាភិបាល​កម្ពុជា ជា​រដ្ឋាភិបាល​ដែល​គាំទ្រ​អាជីវកម្ម​, គាំទ្រ​ការផលិត​, គាំទ្រ​ការវិនិយោគ ហើយ​យើង​នឹង​បន្ត​រួមសុខ​រួមទុក្ខ​ជាមួយ​ធុរជន ពិសេស MSMEs ដោយ​គាំទ្រ​បងប្អូន និង​ដើរ​ទៅ​មុខ​ជាមួយ​គ្នា ក្នុង​ស្មារតី «​គិត​ជាមួយគ្នា​, ធ្វើ​ជាមួយគ្នា និង​ទទួលខុសត្រូវ​រួមគ្នា​» ដើម្បី​កសាង​សង្គម​សេដ្ឋកិច្ច​មួយ​ដែល​រុងរឿង​។​

​ជាទី​បញ្ចប់​, ពាក់ព័ន្ធ​នឹង​ករណី​លោក​អ៊ុំ សំអាន​, សម្ដេច​ធិបតី មាន​ប្រសាស៍ថា សម្ដេច​មាន​ភាពចាំបាច់​ក្នុង​ការបកស្រាយ​ឱ្យបាន​ច្បាស់លាស់​អំពី​ករណី​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​។ សម្ដេច​បាន​បញ្ជាក់ គោលបំណង គឺ​មិនមែន​ដើម្បី​ចង់​ឈ្នះ ចាញ់​ជាមួយ​អ្នកណា ឬ​ក្រុម​ណា​ទេ តែ​សុំ​ឱ្យ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយរ​ក្ស​ភាពស្ងៀមស្ងាត់​, រួម​សាមគ្គី​គ្នា និង​ទុក​ឱកាស​ឱ្យ​រាជរដ្ឋាភិបាល​ជា​អ្នក​បន្ត​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​។ សម្ដេច បាន​បន្តថា រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​មិន​បាន​កាត់​ទឹក​ដី​ឱ្យ​ប្រទេស​ណាមួយ​ឡើយ​, ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​ជា​អ្នកការពារ​ទឹកដី​យ៉ាង​ពិតប្រាកដ និង​ជា​អ្នកទទួលខុសត្រូវ ជា​ប្រវត្តិសាស្ត្រ​ចំពោះ​ទឹកដី និង​បូរណភាព​ជាតិ​។ ក្នុងន័យនេះ​, សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ជឿទុកចិត្ត​លើ​ការបំពេញ​ការងារ​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​កិច្ចការ​ព្រំដែន​៕

​

Leave a Reply

Your email address will not be published. Required fields are marked *