វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ប​ច្ចេក​ទេស Bendigo Kangan Institute (BKI) ប្ដេជ្ញា​រួមចំណែក​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា​

​នា​រសៀល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៦, នៅ​វិមាន​សន្តិភាព​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកស្រី Sharan BURROW ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​បច្ចេក​ទេស Bendigo Kangan Institute (BKI) និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុងឱកាស​នៃ​ជំនួប​, លោកស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​គោរព​រាយការណ៍​ជូន​សម្តេច​ធិបតី អំពី​វឌ្ឍនភាព​ការងារ​របស់​វិទ្យាស្ថាន BKI ក្នុង​ការលើកកម្ពស់​ជំនាញ និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ជា​ដៃគូ​រវាង BKI និង​កម្ពុជា​។ លោកស្រី​បាន​គូសបញ្ជាក់ថា វិទ្យាស្ថាន BKI នឹង​បន្ត​គាំទ្រ និង​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោកស្រី Sharan BURROW បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការកសាង​កម្លាំង​ពលកម្ម​ជំនាញ ក្នុងការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បាន​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​បន្ត​ពង្រឹង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ជា​ពិសេស​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ការបង្កើត​ម៉ូឌែល​បណ្ដុះបណ្ដាល​សមស្រប​ទៅ​នឹ​ង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា សំដៅ​ចូល​រួមចំណែក​សម្រេច​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​លើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)​។​

​ជា​ការឆ្លើយតប​, សម្តេច​ធិបតី បាន​ស​ម្តែងក្តី​សោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​វិទ្យាស្ថាន BKI ក្នុង​ការរួមចំណែក​ក​សាង និង​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា នា​ពេលកន្លងមក​។ សម្តេច​ធិបតី​បាន​គូស​រំលេច​ថា រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក «​មនុស្ស​» ជា​អាទិភាព​គន្លឹះ​ទីមួយ ដែល​ក្នុងនោះ​មូលដ្ឋានគ្រឹះ​ក្នុង​ការកសាង​មូលធន​មនុស្ស គឺ​ការវិនិយោគ​លើ​វិស័យ​សុខភាព​, ការអប់រំ​, ការបណ្តុះបណ្តាល​បច្ចេក​ទេស​និង​វិជ្ជាជីវៈ​, និង​បង្កើត​ការងារ​សមរម្យ​។ សម្តេច​ធិបតី​បាន​បញ្ជាក់បន្ថែម​ថា ការបណ្ដុះបណ្ដាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព ត្រូវតែ​ផ្សារភ្ជាប់​ឱ្យ​ជិតស្និទ្ធ​ទៅ​នឹង​ការអនុវត្ត និង​តម្រូវការ​ជាក់ស្តែង របស់​ទីផ្សារ​។ ជាមួយគ្នានេះ​, សម្តេច​ធិបតី​បានលើកឡើង​ពី​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា ជាមួយ​នឹង​ឆន្ទៈ​ចង់​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​កសិកម្ម ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ឧស្សាហកម្ម​។ ជាក់ស្តែង​, រាជរដ្ឋាភិបាល​មានបំណង​បញ្ជ្រាប​ខ្លួន​ចូល​ទៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ត​បន់ និង សកល លើ​ផ្នែក​គ្រឿងបន្លាស់ និង​បរិក្ខារ​រថយន្ត ដែល​ជា​ការបោះ​ជំហាន​ដ៏​សំខាន់​ក្នុងការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​បង្កើន​តម្លៃ​បន្ថែម​ក្នុង​ស្រុក បន្ថែម​លើ​ការដំឡើង និង​ផ្គុំ​រថយន្ត​ដែល​មាន​ស្រាប់​។​

​មុន​នឹង​បញ្ចប់​, សម្តេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​លោកស្រី​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​សហការី បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា ដើម្បី​បន្ត​បណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ​កម្ពុជា ឱ្យ​កាន់តែ​ឆ្លើយតបបាន ទៅនឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត ព្រមទាំង​ប្រែក្លាយ​ផែនការ​សហប្រតិបត្តិកា​រនា​នា ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

​

Leave a Reply

Your email address will not be published. Required fields are marked *