សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្ដម ថា​មើ ម៉ូ​ហា​មេ​ដ អេ អាល​ហ្គោសា​យ​ប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា ចូលជួប​សម្តែង​ការគួរសម

នៅ​វិមាន​សាមគ្គីភាព នៃ​ព្រឹទ្ធសភា នា​រសៀល​ថ្ងៃ​អង្គារ ១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​មមី អដ្ឋស័ក ព​.​ស​.២៥៧០ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ ឯកឧត្ដម ថា​មើ ម៉ូ​ហា​មេ​ដ អេ អាល​ហ្គោសា​យ​ប៊ី (Thamer Mohammed A Algosaibi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីតប្រ​ចាំកម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​របស់​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​របស់​ឯកឧត្តម​ដែលជា​ឯកអគ្គរាជទូត​ថ្មី​របស់​អា​រ៉ាប៊ីសាអូឌីត​ប្រចាំ​នៅ​កម្ពុជា នឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អារ៉ាប់ប៊ីសាអូឌីត កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរាជទូត​អារ៉ាប់ប៊ីសាអូឌីត​ប្រចាំ​នៅ​កម្ពុជា បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​អនុញ្ញាតឱ្យឯ​ក​ឧត្តម និង​សហការី​បាន​ជួប​សម្ដែង​ការគួរសម​នៅ​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម​បាន​បង្ហាញ​អំពី​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អា​រ៉ាប៊ីសាអូឌីត តាមរយៈ​នៃ​ការផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​នៃ​ដំណើរ​ទស្សនកិច្ច​នៃ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​កម្ពុជា​និង​អា​រ៉ាប៊ីសាអូឌីត​។​បន្ថែម​ពីលើ​នោះ ក៏​មាន​ការផ្លាស់ប្ដូរ​នូវ​ធុរជន​របស់​អា​រ៉ាប៊ីសាអូឌីត មក​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការពង្រឹង​បន្ថែម​ទៀត​ទៅ​លើ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ឯកឧត្តម​បាន​លើកឡើង​ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អារ៉ាប់ប៊ីសាអូឌីត នៅ​មាន​សក្ដានុពល​ច្រើន ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើ​ជាមួយ​គ្នា​បាន​ជា​ពិសេស​គឺ​ការពង្រឹង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​សម្ដេច​តេជោ​បានចាត់ទុ​កការវិនិយោគ ជា​ចំណុច​ស្នូល នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត​បន្ថែម​ពី​លើ​នេះ សម្ដេច​តេជោ​បាន​ផ្ដល់​នូវ​ទស្សនៈ​ចំនួន​៣ សំខាន់​ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត ឱ្យ​កាន់តែ​រីកចម្រើន​ទី​១ សម្ដេច​ចង់​សង្កត់​ទៅ​លើ​ការជំរុញ​បន្ថែម​ទៀត​ទៅលើ​ការផ្លាស់ប្ដូរ​នៃ​ទស្សនកិច្ច ឬ​ទំនាក់ទំនង​រវាង​មេដឹកនាំ​កំពូល​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ញឹកញាប់​បន្ថែមទៀត​ដើម្បី​បន្ថែម​នូវ​ការជឿជាក់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​។​ចំណុច​ទី​ពី​២ គឺ​ទាក់ទង​ទៅ​នឹង​ការវិនិយោគ គឺ​ការផ្លាស់ប្ដូរ​នូវ​អ្នកវិនិយោគ ការ​ទស្សនកិច្ច​រវាង​ធុរជន ហើយ​ជាពិសេស​គឺ​ធុរជន រវាង​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្កើន​នូវ​ការវិនិយោគ​នៅក្នុង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​កើនឡើង​។ សម្ដេច​ចង់​ឃើញ​អ្នកវិនិយោគ​របស់​អា​រ៉ាប៊ីសាអូឌីតមក​វិនិ​យោគ​នៅក្នុង​ប្រទេស​កម្ពុ​ជា​កាន់​តែ​ច្រើន ជាពិសេស​ទៅលើ​ការកែច្នៃ​ដើម្បី​នាំ​ផលិតផល​របស់​កម្ពុជា ដូចជា​កសិកម្ម​ជាដើម ទៅ​លក់​នៅ​អា​រ៉ាប៊ី​សា​អូឌី​។ ចំណុច​ទី​៣ សម្ដេច​តេ​ជោបាន​ជំរុញ​បន្ថែមទៀត ធ្វើយ៉ាងណា​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ គឺ​ជំរុញ​ឱ្យមាន​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ហើយ​ជាពិសេស​នោះ គឺ​ការផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ដើម្បី​ជា​ការជំរុញ​បន្ថែម​ទៀត​ទៅលើ​ទំនាក់ទំនង​ក្នុង​ក្រប​ខណ្ឌ​នយោបាយ​រវាង​កម្ពុជា និង​អា​រ៉ាប៊ីសាអូឌីត ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​។

​ជា​ចុងក្រោយ សម្ដេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ឯកឧត្តម​ឯកអគ្គរាជទូត​អា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុង​បេសកកម្ម​ការទូត​នៅក្នុង​ប្រទេស​កម្ពុជា​៕​

Leave a Reply

Your email address will not be published. Required fields are marked *